បន្ទាយមានជ័យ៖ បុរសវ័យជិត៦០ម្នាក់ ដើរវង្វេងផ្លូវ ដេកហាលថ្ងៃហាលភ្លៀង រូបកាយប្រឡាក់សុទ្ធតែភក់ រងាញាក់ រឹងថ្គាម បានត្រឹមតែលើកដៃសំពះសុំឲ្យគេជួយ ត្រូវបានក្រុមការងារមនុស្សធម៌របស់លោកនួន នីគីដា យកទៅងូតទឹកលាងជម្រះកាយ ប្តូរសំលៀកបំពាក់ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត២(បង្អែកដីថ្មី) ដើម្បីព្យាបាលជំងឺ។

លោក នួន នីគីដា ដែលអ្នកក្រុងប៉ោយប៉ែតចាត់ទុកជាបុរសជួយសង្គមខាងផ្នែកមនុស្សធម៌បានឲ្យដឹងថា សកម្មភាពជួយសង្គ្រោះបុរសវ័យជិត៦០ឆ្នាំនេះធ្វើឡើង នៅព្រលប់ថ្ងៃទី០៤ ខែមិថុនាឆ្នាំ ២០២០ បន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍ ថាមានមនុស្សចាស់វង្វេងផ្លូវដេកញាក់ រួមទាំងកាយប្រឡាក់ភក់ ទំនងដូចជាគ្រុនក្តៅ ដោយឃើញនៅចំណុចវង្វង់មូល៥៨ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រយៈពេល៣ថ្ងៃមកហើយ។

លោកនួន នីគីដា បានបញ្ជាក់ថា បុរសដែលវង្វេងផ្លូវនេះ មានអាយុប្រហែលជាង៥០ទៅ៦០ឆ្នាំ ក្រោយពេលដែលយកងូតទឹកសំអាតខ្លួនប្រាណ ប្តូរសំលៀកបំពាក់រួចមក បុរសនេះមានសភាពរងា ញាក់ រឹងថ្គាមនិយាយមិនបាន និងមិនអាចសួរនាំអ្វីបានឡើយ បានតែលើកដីសំពះប៉ុណ្ណោះ រួចបញ្ជូនទៅ កាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ដើម្បីព្យាបាលតែម្តង៕(តុង)