ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលសម្ភារៈប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម សោម អូន អនុប្រធានវេទិការសម្ព័ន្ធសង្គមស៊ីវិល (វសស) និងជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) តំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិការសម្ព័ន្ធសង្គមស៊ីវិល (វសស) ។


ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានទទួលការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់បំផុតពីលោកវីរៈសេនីយ៍ត្រី ទួន តែន មេបញ្ជាការកងប្រដាប់រុករក និងសង្រ្គោះគ្រោះមហន្តរាយ ៧១១ របស់កងពលតូចលេខ ៧០ ក្នុងគោលដៅធ្វើយ៉ាងណា ឲ្យសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលនេះទទួលបានទាំងទ្រីស្តី និងការអនុវត្តន៍ជាក់ស្តែង ឲ្យបានច្បាស់លាស់ ដើម្បីយកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស និងមានប្រសិទ្ធភាព។


ឯកឧត្តម សោម អូន បានមានប្រសាសន៍លើកឡើងថា៖ ថ្ងៃនេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបណ្តុះបណ្តាលកម្លាំងចំនួន ១៥នាក់ ក្នុងការត្រៀមខ្លួន ចុះប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្ទាប់ពីយើងទទួលបានសម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដនេះ ពីវេទិការសម្ព័ន្ធសង្គមសីវិល នៅទីស្តីការគណៈរដ្ឋមន្រ្តី។ ឯកឧត្តមបញ្ជាក់ថា ពីមុនខាងសភាសហជីពយើង បានទទួលវគ្គបណ្តុះបណ្តាលម្តងរួចមកហើយ កាលពីថ្ងៃទី២៥ ខែឧសភា កន្លងមក ហើយថ្ងៃនេះផងដែរយើងបានធ្វើលើកទី២ ដូច្នេះឯកឧត្តមយល់ថា ក្រុមប្រតិបត្តិករ ពិតជាសំខាន់ណាស់ ក្នុងការយល់ដឹងអំពីឧបករណ៍ និងបច្ចេកទេសប្រើប្រាស់វាឲ្យបានច្បាស់លាស់ ព្រោះវាអាចមានផលប៉ះពាល់បើសិនយើងប្រើវាមិនច្បាស់លាស់។


ឯកឧត្តម បញ្ជាក់ថា៖ គោលបំណងរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បន្ទាប់ពីចប់វគ្គបណ្តុះបណ្តាលនេះ យើងនឹងរៀបចំផែនការសកម្មភាពចុះតាមគោលដៅដែលបានត្រៀមទុក គឺទិសដៅទីមួយ សហការជាមួយអាជ្ញាធរ ចុះទៅទីកន្លែងរស់នៅរបស់បងប្អូនកម្មករកម្មការិនី ទិសដៅទីពីរ សហការជាមួយក្រុមហ៊ុន សហគ្រាស ឬរោងចក្រនានា ដែលជាកន្លែងបងប្អូនកម្មករធ្វើការ និងទី៣ អាចសហការជាមួយអាជ្ញាធរខេត្តក្រុងនានាទូទាំងប្រទេស ដែលមានបំណងចង់ឲ្យក្រុមការងាររបស់យើងជួយទៅតាមបណ្តាស្ថាប័ន្ធមន្ទីរ សាលារៀន តាមស្រុកភូមិ ឬតាមផ្សារនានា ជាដើម ដើម្បីចូលរួមទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ទាំងអស់គ្នា។ ឯកឧត្តម បញ្ជាក់បន្ថែមថា៖ ចំពោះគោលដៅ ដែលក្រុមការងារយើងត្រៀមចុះប្រតិបត្តិការ គឺមានរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ។


ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់សូមមេត្តាកុំធ្វេសប្រហែសឲ្យសោះ ព្រោះជំងឺកូវីដ១៩ មិនទាន់ចប់ឡើយ កាលណាពុំទាន់មានថ្នាំព្យាបាល ជំងឺនេះនៅតែជាហានិភ័យសម្រាប់ប្រជាពលរដ្ឋយើង ហើយទោះបីឥឡូវនេះ ប្រទេសកម្ពុជាយើងអាចគ្រប់គ្រងសភាពការណ៍បាន ប៉ុន្តែពិភពលោក កំពុងតែរងការរាតត្បាតពីជំងឺនេះនៅឡើយ៕