បើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់វៀតណាម ក្រុមហ៊ុន សាំស៊ុង អេឡិច ត្រូនិកកំពុង រៀបផែនការរើខ្សែចង្វាក់ផលិតកម្មផ្ទាំងអេក្រង់បង្ហាញទិន្នន័យ មួយផ្នែកធំពីរោងចក្រ របស់ក្រុមហ៊ុននៅក្នុង ប្រទេសចិនមករោងចក្រនៅក្នុងប្រទេសវៀតណាមនៅឆ្នាំនេះ។

សាំស៊ុងជាអ្នកវិនិយោគទុនធំបំផុតនៅក្នុងប្រទេសវៀតណាម មានតម្លៃវិនិយោគសរុបទាំងអស់ 17,000លានដុល្លារ។

វេបសាយសារព័ត៌មានអនឡាញរបស់រដ្ឋបាលវៀតណាមបានរាយការណ៍ថា “សាំស៊ុងសម្លឹងឃើញ វៀតណាម ជាច្រកទ្វារសំខាន់ ដែលបើកឆ្ពោះទៅកាន់ប្រទេសផ្សេងៗក្នុងភូមិភាគអាស៊ីភាគអាគ្នេយ៍ និងជាផ្នែកតភ្ជាប់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ ការផ្លាស់ប្ដូរនេះ នឹងធ្វើឱ្យវៀតណាម ក្លាយជាអ្នក ផលិតផ្ទាំងអេក្រង់បង្ហាញទិន្នន័យ សាំស៊ុងលំដាប់ជួរមុខគេរបស់ពិភពលោក ។

ព័ត៌មាននៃការផ្លាស់ប្ដូរខ្សែចង្វាក់ផលិតកម្មរបស់សាំស៊ុងនេះ កើតឡើងក្នុង ខណៈដែលក្រុមហ៊ុន ផ្សេងៗ កំពុងសម្លឹងរកមើលខ្សែចង្វាក់ ផ្គត់ផ្គង់ដែលច្រើនសម្បូរបែបក្រៅពីប្រទេសចិន ក្រោយពីខ្សែ ចង្វាក់ផ្គត់ផ្គង់ ត្រូវបានជាប់គាំងយ៉ាងទូលំទូលាយទូទាំងពិភពលោក នៅពេលដែល មេរោគវីរុស កូរ៉ូណាប្រភេទថ្មីកើត ការឆ្លងរាលដាលលើកដំបូងនៅក្នុងប្រទេសចិន ដែលជាមជ្ឈមណ្ឌលរោងចក្រ ផលិតកម្មរបស់ពិភពលោក។

ក្រុមហ៊ុនផ្នែកតិចណូឡូជីដ៏ធំសម្បើមរបស់កូរ៉េខាងត្បូងមួយនេះ មានខ្សែចង្វាក់ផលិតកម្មផ្ទាំង អេក្រង់បង្ហាញ ទិន្នន័យនៅក្នុងប្រទេសវៀតណាមស្រាប់ហើយ ដោយក្រុមហ៊ុននេះមានរោងចក្រ ចំនួន 6កន្លែងនៅវៀតណាមព្រមទាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ 2កន្លែងទៀត។

សេចក្ដីរាយការណ៍របស់វេបសាយតឿយជែ បានបញ្ជាក់បន្ថែមថាផ្ទាំងអេក្រង់បង្ហាញទិន្នន័យ នឹងត្រូវផលិតនៅ ឯ សាំស៊ុង អេឡិចត្រូនិក ខំផ្លេក នៅក្នុងទីក្រុងហូជីមិញ៕

ប្រភព៖ សារព័ត៌មានបរទេស