បន្ទាយមានជ័យ៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា ជំងឺកូវីត រីករាលនៅទូទាំងសកលលោក ជាពិសេសចាប់តាំងពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានភាគីថៃបិទ ប្រជាពលរដ្ឋដែលរស់នៅតាមជាយដែននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតមានជីវភាពខ្វះខាតច្រើន ហើយអាជ្ញាធរ ព្រះសង្ឃ និងសប្បុរសជន បានជួយជា អង្ករ សម្ភារៈ និងថវិកា គ្រឿងឧបភោគបរិភោគជាង ៧០០០គ្រួសារមកហើយ។ លោកបញ្ជាក់ថា ចំនួនជាង៧០០០នាក់នេះ នៅមិនទាន់អស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅឡើយទេ ដោយសារតែប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែតមានចំនួន ៨៥ភាគរយ ដែលពឹងផ្អែកលើប្រាក់ចំណូលបានមកពីការបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ដើម្បីដោះស្រាយសម្រាលបន្ទុកជីវភាពខ្វះខាតដល់ប្រជាពលរដ្ឋ អាជ្ញាធរ គ្រប់ជាន់ថ្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ បានផ្តល់ប្រាក់កម្ចី រួមទាំងចែកគ្រាប់ពូជបន្លែ ដំណាំផ្សេងៗ លើកទឹកចិត្តជំរុញឲ្យប្រជាពលរដ្ឋដែលមានដីសំរាប់ដាំដុះ ដើម្បីកាត់បន្ថយការចំណាកស្រុក និងបានជួយសម្រាលការលំបាកដល់ពលរដ្ឋនាសម័យកូវីតផងដែរ។

លោក គាត ហ៊ុល បានថ្លែងបែបនេះ ខណៈអញ្ញើញជាគណធិបតីក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋជាង២០០គ្រួសារ នៅរសៀលថ្ងៃ២៣ ខែមិថុនាឆ្នាំ២០២០ ក្នុងបរិវេណវត្តអណ្តូងថ្មមាស ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលជាអំណោយរបស់សប្បុរសជនជនជាតិឥណ្ឌូនេស៊ីដែលជាអាជីករនៅក្នុងក្រុងប៉ោយប៉ែត តាមរយៈអាជ្ញាធរ និងព្រះសង្ឃ គង់នៅវត្តអណ្តូងថ្មមាសផងដែរ៕

អត្ថបទ និងរូបភាពៈ សៅ នៅ