បន្ទាយមានជ័យ៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ មន្ត្រីអគ្គនាយដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តបន្ទាយមានជ័យ សហការជាមួយនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តចុះ ស្រាវជ្រាវ អង្កេត និងត្រួតពិនិត្យ ដកហូត ទំនិញខូចគុណភាព ពេញមួយព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តាម៉ាត តូប និងឃ្លាំងលក់ទំនិញក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ការចុះប្រតិបត្តិការត្រួតពិនិត្យ របស់មន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករ អំពីផលប៉ះពាល់មក លើមនុស្ស ដែលបណ្តាលមកពីម្ហូបអាហារ ដែលមិនមានគុណភាព ដើម្បីឲ្យអាជីវករគ្រប់រូប បានគិត គូរពីសុវត្តិភាពរបស់អតិថិជនរបស់ខ្លួន ដោយមិនធ្វើការដាក់តាំងលក់ នូវទំនិញណាដែលគ្មាន ស្លាកយីហោ ត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឲ្យប៉ះពាល់ដល់ សុខភាពអ្នក ប្រើប្រាស់។

មន្ត្រីជំនាញណែនាំបន្ថែមដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ចែកចាយ ត្រូវតែស្គាល់ពី ប្រភពច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ដាក់តាំងលក់ផលិតផល ឲ្យត្រឹម ត្រូវតាមលក្ខណៈបច្ចេកទេស ញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារ ត្រូវបិទស្លាកតម្លៃជាប្រាក់រៀលខ្មែរ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។

មន្រ្តីជំនាញដកហូតបានទំនិញហួសកាលបរិច្ឆេទមួយចំនួន ដែលជាប្រភេទ ឡេលាបស្បែក អាហារសំរាប់កូនក្មេងបរិភោគ រួមទាំងភេសជ្ជៈមួយចំនួនផងដែរ៕


អត្ថបទនិងរូបភាព៖ សៅ នៅ