បន្ទាយមានជ័យ៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ក្នុងការធ្វើអនាម័យថែរក្សាបរិស្ថានជាប្រចាំ និងការផ្សព្វផ្សាយដាក់ស្មារតីឲ្យប្រជាពលរដ្ឋឲ្យចូលរួម ដើម្បីទីក្រុងស្អាត អាជ្ញាធររំពឹងថា និងទទួលបានរំដួលបីទងក្នុងឆ្នាំ២០២១ជាប់ជាទីក្រុងស្អាត ខណៈដែលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានរំដួល២ទងរួចមកហើយ។

លោកគាត់ ហ៊ុល បានបញ្ជាក់ថា៖ សកម្មភាពនេះត្រូវបានធ្វើជាប្រចាំ រៀងរាល់២សប្តាហ៍ម្តង ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចគាំពារបរិស្ថានសំដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមាន សោភ័ណភាពស្រស់បំព្រង គឺគ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈនានាក្នុងក្រុង ធានាបាននូវសុខមាលភាព របស់ប្រជាពលរដ្ឋឲ្យបានប្រសើរ។

អាជ្ញាធរគ្រោងដាំដើមត្នោតដែលជាអត្តសញ្ញាណប្រទេសកម្ពុជាបន្ថែមទៀតនៅតាមផ្លូវសាធារណៈ ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់អារម្មណ៍ មុននិងទៅទេសចរណ៍នៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

លោក អំពាវនាវ ឲ្យប្រជាពលរដ្ឋ មានការចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីទីក្រុងមានភាព ស្រស់ស្អាត កុំចោលសំរាមពាសវាលពាសកាល វេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ងាយស្រួលក្រុមហ៊ុនទៅប្រមូល និងឆាប់រហ័ស ទាន់ពេលវេលាផងដែរ៕