កំពង់ឆ្នាំង៖ ក្រុមការ ងារសប្បុរសធម៌ ក្តីសង្ឃឹមរបស់សារព័ត៌មាន ខេម អេស៊ា បានពាំនាំអំណោយ របស់បងប្អូនសប្បុរសជន ដែលបានឧបត្ថម្ភដល់លោកយាយចាស់ជរាគ្មានទីពឹង ចំនួន២រូប ស្ថិត នៅភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានយកទៅជូនដល់ដៃគាត់ដោយ ផ្ទាល់ហើយ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងការចុះទៅធ្វើសកម្មភាពសប្បុរសធម៌នេះ ដឹកនាំដោយឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សា ភិបាល លោក យុន ម៉េស្រ៊ន់ អគ្គនាយក ខេមអេស៊ា ឯកឧត្តម អ៊ុន ដារ៉ាឯកឧត្តម នួន ប្រុសនិត លោក ឡាយ ផល្លី សមាជិកក្រុមប្រឹក្សាភិបាល និងមានការចូលរួមពីក្រុមការងាទាំងអស់ រួមនិងសប្បុរសជនមួយចំនួនផងដែរ។

លោកយាយចាស់ជរាទាំង ២រូប អាយុ៦០ឆ្នាំហើយ តែលោកយាយគ្មានសាច់ញាតិទីពឹងឡើយ សព្វថ្ងៃលោកយាយរស់នៅតែម្នាក់ឯងអាស្រ័យ ពឹងពាក់លើអ្នកជិតខាងជួយផ្តល់ជាអាហារហូប ចុកតិចតួចដើម្បីចិញ្ចឹមក្រពះតែប៉ុណ្ណោះ។

លោកយាយបានមានប្រសាសន៍ថា ពេលគាត់ឃើញក្រុមការងារយើងបានយកអំណោយទៅដល់ភ្លាម លោកយាយពិតជារំភើបគ្មានអ្វីអាចកាត់ថ្លៃបានរហូតស្រក់ទឹកភ្នែក ទាំងអារម្មណ៍ក្តុកក្តួល ព្រោះពីមុនមកមានសប្បុរសជនជួយខ្លះៗដែរ តែថ្ងៃនេះ ឃើញមានបងប្អូនសប្បុរសជនជា ច្រើនជួយឧបត្ថម្ភដល់រូបគាត់ជាសម្ភារះ គ្រឿងឧបភោគបរិភោគ និងថវិកាប៉ុណ្ណេះ សម្រាប់គាត់ គឺច្រើនដោយមិននឹកស្មាន ដូច្នេះហើយ ទើបរូបគាត់សប្បាយចិត្តគ្មានអ្វីប្រៀបបាន។

លោកយាយទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ បងប្អូនសប្បុរសជន ទាំងអស់ដែលបានជួយរូបគាត់ដែលកំពុងជួបការខ្វះខាត ក្នុងស្ថានភាពក្រលំបាកស្ទើរមួយ ជីវិតទៅហើយ រហូតដល់វ័យជាង ៦០ប្លាយនេះ គឺជីវិតកំសត់ខ្លាំងណាស់ ហើយទោះជារបស់របរ និងថវិកាឧបត្ថម្ភមួយចំនួននេះ មិនអាចចិញ្ចឹមផ្គត់ផ្គង់គាត់បានយូរអង្វែងយ៉ាងណា ក៏គាត់ត្រេកអរណាស់ហើយ សម្រាប់ជីវិតចុងក្រោយរបស់គាត់។

លោកយាយបានជូពរដល់ក្រុមការងារ និងបងប្អូនសប្បុរសជនទាំងអស់ជូបប្រទះតែសេចក្តីសុខ និងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណ: សុខ : ពល: និងបដិភាន: កុំបីឃ្លៀងឃ្លតឡើយ។
យើងខ្ញុំតំណាងឲ្យលោកយាយទាំងពីររូប ក៏សូមអរគុណចេញពីចេត្ត ចំពោះបងប្អូនសប្បុរស ជនទាំងអស់ ដែលបានចូលរួមបរិច្ចាគដល់រូបគាត់ ជាសម្ភារ:ក្តី និងថវិកាតិចតួចក្តី តែជាទឹក ចិត្តអាណិតអាសូរ ក៏ដូចជាចូលរួមចែករំលែកសេចក្តីស្រឡាញ់ ក្នុងការងារចូលរួមចំណែក ជួយសង្គមជាតិយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា អំណោយដែលជូនដល់លោកយាយទាំងពីររូប រួមមាន៖ ក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូ ២បេ, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, សៀង ១ដបធំ, ប្រេងឆា ១ដបធំ, ទឹកផ្លែឈើ ១កេស, មីម៉ាម៉ា ៣កេស, អំបិល ៥កញ្ចប់ធំ, ប៊ីចេង ១កញ្ចប់ធំ, ស្ករស ១កញ្ចប់ធំ, ត្រីខកំប៉ុង ២យួរ, ទឹកដោះគោខាប់ ៥កំប៉ុង, ប៉ាតង់ ៤ម៉ែត្រគុណ៦ម៉ែត្រ ចំនួន១ និងថវិការក្នុងម្នាក់ទទួលបាន ៤០ម៉ឺនរៀល៕