(កណ្ដាល)៖ យុវជនបែកថ្នាំម្នាក់ បានវាយបំផ្លាញទ្រព្យសម្បត្តិ និងដុតផ្ទះម្តាយ រហូតវាយនគរបាលប៉ុស្តិ៍ម្នាក់ បណ្តាលឱ្យបែកក្បាល ព្រោះខឹងម្តាយចាក់សោក្នុងផ្ទះ ក្រោយប្រើប្រាស់គ្រឿងញៀនដល់កំរិតខ្លាំង។
ករណីហិង្សានេះបានកើតឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះមានចំនួន ២នាក់រួមមានទី១៖ ឈ្មោះ ព្រំ សុធី ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាម្តាយជនសង្ស័យ មានទីលំនៅភូមិសង្កាត់កើតហេតុ, មុខរបរលក់កូនឈើ និងទី២៖ ឈ្មោះ ផន លីកូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនាយប៉ុស្តិ៍ស្តីទី (រងរបួសក្បាលដេ៣ថ្នេរ)។ ជនសង្ស័យឈ្មោះ ថន សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ (ឃាត់ខ្លួន)។
ក្នុងថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន រួចហើយក៏ត្រូវម្តាយចាក់សោរទុកចោលក្នុងផ្ទះ ធ្វើឱ្យជនសង្ស័យខឹង ក៏បានវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះ និងយកភ្លើងដុតផ្ទះ បណ្តាលឱ្យឆេះទ្រព្យសម្បត្តិក្នុងផ្ទះខ្ទិចអស់។
បន្ទាប់មក លោក ផន លីកូ ដែលជាសមត្ថកិច្ចនគរបាលសង្កាត់តាក្តុល បានចុះអន្តរាគមន៍ នាំរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះជួយដើម្បីបាញ់ទឹកពន្លត់ តែពេលនោះក៏ឃើញជនសង្ស័យដេកកណ្តាលផ្លូវមិនឱ្យរថយន្តចូលទៅបានដោយខ្លាចរថយន្តកិន លោក ផន លីកូ ក៏បានដាស់ហៅជនសង្ស័យឱ្យក្រោកចេញ តែត្រូវជនសង្ស័យដកខ្សែក្រវ៉ាត់ វាយទៅលើលោកចំក្បាលខាងឆ្វេងបណ្តាលឱ្យរយៈបែកឈាមតែម្តង។
ចំពោះសម្ភារៈខូចខាតរួមមានទី១៖ ឆេះផ្ទះ១ខ្នងធ្វើពីឈើលើថ្មក្រោមទំហំ៥ គុណនិង៩ម៉ែត្រ, ទី២៖ ឆេះម៉ូតូ២គ្រឿង, ទី៣៖ មាស៥ជី, ទី៤៖ លុយ២០០០ដុល្លារ, ទី៥៖ លុយខ្មែរ២លានរៀល និងបណ្តាលឱ្យខូចខាតសម្ភាមួយចំនួន។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបានឃាត់ខ្លួនមកអធិការដ្ឋានចាត់ការតាមនីតិវិធីតែម្តង។