(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ក្រោយធ្វើការដកកាំភ្លើងខ្លី បាញ់បោះសេរីបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅយប់វេលាម៉ោង៨ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅ បន្ទប់ជួលលេខC05 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សោម ពិសិដ្ធ អាយុ៣៦ឆ្នាំ មុខរបរ យោធា នៅកង ឯកភាព ទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ ឋនន្តរស័ក្តិវរសេនីយ៍ត្រី អត្តលេខ 016829 ប្រើប្រាស់អាវុធខ្លីម៉ាក K59 លេខ7261។

បើតាមសមត្ថកិច្ច នៅមុនពេលកើតហេតុ ជនបង្កបានមកផឹកស៊ីជាមួយមិត្តភក្តិនៅបន្ទប់ ខាងលើចំនួន៤នាក់ ពេលកំពុងផឹកនោះជនបង្កបាននិយាយថា ពិបាកចិត្តណាស់ ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេ លុះមួយសន្ទុះ ក្រោយមក ជនបង្កបានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ (មួយគ្រាប់បាញ់ក្នុងបន្ទប់ទឹក មួយគ្រាប់បាញ់ទ្វារបន្ទប់ និងមួយគ្រាប់ទៀត បាញ់ឡើងលើតែម្តង)បង្កឲ្យមានការភ្ញាក់ផ្អើលរហូតមានការអន្តរាគមន៍ពីកម្លាំងនគរបាល។
ក្រោយកើតហេតុភ្លាមៗជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួន ដើម្បីយកទៅសួរនាំ និងចាត់ការតាមនិតិវិធីច្បាប់៕