(ភ្នំពេញ) ៖ តារាចម្រៀងស្រីសាច់សខ្ចី ស្រស់សោភា កញ្ញា ឆាយ យូរី ហៅ យូរី ក្រោយពីបែកបាក់ស្នេហាជាមួយគូស្នេហ៍ចាស់រួចមក ការងារ និងទីផ្សារសិល្បៈហាក់ដូចជាធ្លាក់ចុះ ចំណែកឯបទចម្រៀងក៏ស្ងប់ស្ងាត់មិនសូវលោតដូចមុនឡើយ។ តារាចម្រៀងវ័យក្មេងកញ្ញា យូរី ដែលកន្លងមកទទួលបានការគាំទ្រយ៉ាងខ្លាំងជាមួយនឹងបទចម្រៀងថ្មីៗរបស់ខ្លួន។ ដោយឡែកកាលពីម្សិលមិញនេះកញ្ញា យូរី បានសម្រេចដើរចេញពីផលិតកម្មសាន់ដេជាផ្លូវការហើយ ។ បន្ទាប់ពីមហាជនដាក់ការសង្ស័យមួយរយៈចុងក្រោយនេះ។ទស្សនិកបានសង្ស័យថា យូរីទំនងជានឹងចាកចេញពីផលិតសាន់ដេហើយ បន្ទាប់ពីនាងបានចេញបទចម្រៀងថ្មី ដែលមិនស្ថិតនៅក្រោមផលិតកម្មដែលនាងកំពុងជ្រកកោន។
ម្ចាស់បទ ចាក់ទឹកដូង នាងយូរី បានទទួលស្គាល់ថា នាងពិតជាចាកចេញពីផលិតកម្មសាន់ដេពិតប្រាកដមែន ។នាងបញ្ជាក់ថា កុងត្រារបស់នាងជាមួយផលិតកម្មសាន់ដេ នឹងត្រូវបានបញ្ចប់នៅពេលឆាប់ៗនេះ ដោយនាងមិនបន្តទៀតឡើយ។
គួរបញ្ជាក់ផងដែលថាកញ្ញា យូរី បានជ្រកកោននៅក្នុងផលិតកម្មសាន់ដេប្រមាណជិត១០ឆ្នាំមកហើយ ក្នុងពេលដែលផលិតកម្មមួយនេះបានជួយជ្រោងនាងអោយមានកេរ្តិ៍ឈ្មោះល្បី មិនចាញ់តារាជួរមុខនោះឡើយ ។ យូរី បានកែប្រែស្តាយលេងស្តាយបែបប្លែកៗ ជាមួយនឹងក្បាច់រាំបុិនប្រសប់ ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។
យ៉ាងណា ការមកជ្រកនៅក្នុងផលិតកម្មថ្មីរបស់ យូរី នាពេលនេះគេនៅមិនទាន់ដឹងទេថា នាងនឹងអាចទទួលការគាំទ្រច្រើនពីសំណាក់ទស្សនិកជនឫយ៉ាងណា។ ជាការកត់សម្គាល់ ការចាកចេញពីផលិតកម្មសាន់ដេពី យូរី នាពេលនេះគឺជាតារាចម្រៀងជួរមុខមួយទៀត បន្ទាប់ពីកំពូលតារាចម្រៀងលោក ខេមរះ សិរីមន្ត ដែលបានចាកចេញហើយមកជ្រកនៅក្នុងផលិតកម្មហង្សមាស ៕
យ៉ាងណា យូរីមិនបានបញ្ជាក់ហេតុផលជាក់លាក់ណាមួយស្តីពីការសម្រេចចាកចេញពីផលិតកម្មសាន់ដេនោះឡើយ ខណះពេលនាងក៏មិនទាន់បង្ហើបពីផលិតថ្មីរបស់នាងនៅឡើយដែរ។បើតាម យូរី ផលិតកម្មថ្មីដែលនាងនឹងត្រៀមធ្វើដំណើរបើកទំព័រថ្មីនេះ នឹងរឹតតែធ្វើអោយនាងកាន់តែជោគជ័យថ្មីៗបន្ថែមទៀត ក្នុងអាជីពសិល្បះចម្រៀងរបស់នាង។