៦ចំណុចដែលឪពុកម្ដាយ មិនគួរប្រើដើម្បីអប់រំដល់កូនៗព្រោះអាចផ្ដល់ផលមិនល្អទៅថ្ងៃមុខ

469

ឪពុកម្ដាយគ្រប់រូប តែងចង់ឲ្យកូនៗបានល្អ ពេលខ្លះ ពួកគាត់ តែងផ្តល់ដំបូន្មានតាមរយៈបទពិសោធន៍ ដែលបានជួបប្រទះ ខណៈដែលអ្នកជំនាញមើលឃើញថា ដំបូន្មានមួយចំនួន បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កុមារនិងកូនៗរបស់ពួកគេ។ នេះបើយោងតាម Website Psychology Today។ ដំបូន្មានទាំងនោះ មានដូចជា៖

១. ការប្រាប់កូនៗថា ផ្ដោតលើអនាគត សំលឹងមើលភាពជោគជ័យ។ អ្នកគួរប្រាប់ពួកគេថា រស់នៅពេលនេះឲ្យបានល្អ។ ក្មេងៗ នឹងធ្វើបានប្រសើរ និងមានអារម្មណ៍សប្បាយចិត្ត ប្រសិនបើពួកគេ រៀនពីរបៀបរស់នៅនាពេលបច្ចុប្បន្ន។ នៅពេលពួកគេ សប្បាយរីករាយ ពួកគេ អាចរៀនបានលឿន មានគំនិតច្នៃប្រឌិត និងដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។

២. ការប្រាប់កូនៗថា ភាពតានតឹង គឺជៀសមិនរួច បន្តរុញខ្លួនទៅមុខ។ អ្នកគួរប្រាប់ពួកគេថា រៀនសម្រាក។ក្មេងៗ កំពុងតែមានអារម្មណ៍ព្រួយបារម្ភ អំពីចំណាត់ថ្នាក់នៅសាលា ហើយបើពួកគេ កាន់តែមានសម្ពាធ កិច្ចការសាលានឹងរឹតតែធ្លាក់ចុះ។

៣. ការប្រាប់កូនៗថា ចូរធ្វើខ្លួនឲ្យរវល់។ អ្នកគួរប្រាប់ពួកគេថា សូមធ្វើខ្លួនឲ្យសប្បាយ។ ក្មេងៗ ចំណាយពេលពេញ ១សប្ដាហ៍ ទៅសាលា ហេតុដូច្នេះ ភាពនឿយហត់បានដុតកម្ទេច នូវថាមពលរបស់ពួកគេ គ្មានសល់។ ចូរឲ្យពួកគេរីករាយ។

៤. ការប្រាប់កូនៗថា ប្រើប្រាស់ភាពខ្លាំងរបស់កូន។ អ្នកគួរប្រាប់ពួកគេថា ធ្វើកំហុស ហើយត្រូវចេះរៀនពីកំហុស និងបរាជ័យ។ ខួរក្បាល របស់យើងតែងចង់ដឹងពីអ្វីដែលថ្មីៗ ហើយវាជារឿងល្អ ដើម្បីរៀនពីកំហុស នៅពេលយើងនៅក្មេង។

៥. ការប្រាប់កូនៗថា ស្វែងយល់ពីភាពទន់ខ្សោយរបស់កូន ហើយកុំទន់ជ្រាយ។ អ្នកគូរប្រាប់ពួកគេថា ចូរធ្វើខ្លួនឲ្យធូរស្រាល។ ឪពុកម្ដាយ តែងគិតថា ការរិះគន់ មានសារៈសំខាន់សម្រាប់កែលម្អខ្លួនឯង ប៉ុន្តែតាមការស្រាវជ្រាវបង្ហាញថា រិះគន់ខ្លួនឯង ធ្វើឲ្យមនុស្សបាត់បង់ទំនុកចិត្ត ភ័យខ្លាចការបរាជ័យ និងមានជំងឺបាក់ទឹកចិត្ត នៅពេលប្រឈមនឹងបញ្ហា។

៦. ការប្រាប់កូនៗថា ត្រូវមានមហិច្ឆតា ធ្វើខ្លួនឲ្យលើសគេ។ អ្នកគួរប្រាប់ពួកគេថា សូមបង្ហាញសេចក្ដីមេត្តា ករុណា ដល់អ្នកដទៃ។ ការស្រាវជ្រាវ បានបង្ហាញថា ចាប់តាំងពីកុមារភាព ទំនាក់ទំនងក្នុងសង្គមរបស់យើង មានប្រយោជន៍បំផុតដល់សុខភាព សុភមង្គល និងភាពយូរអង្វែង។ ការមានទំនាក់ទំនងវិជ្ជមាន ជាមួយអ្នកដទៃ នឹងជះឥទ្ធិពល ដល់សមត្ថភាពបញ្ញា និងភាពជោគជ័យចុងក្រោយរបស់យើង៕