កំពង់ឆ្នាំង៖ សត្វគោ ៨ក្បាល ត្រូវបានបានងាប់ ពាសពេញផ្លូវ នៅនឹងកន្លែងដោយសារតែ គោរយន្តកែច្នៃ មួយគ្រឿង បានបើកក្នុងល្បឿនលឿនបុកពេញទំហឹង ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៨និង២០នាទីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ51C តភ្ជាប់ពីខេត្ត កំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ត្រង់ចំណុចអូរធំ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ។

អធិការនគរបាល ស្រុកកំពង់លែង លោកវរសេនីយ៍ឯក ប៉ាល់ ជឿន បានឲ្យដឹងថាៈ គោយន្តកែឆ្នៃ ១គ្រឿង គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីខេត្តកំពង់ធំ មកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លុះពេលមកដល់ចំណុចកើតហេតុ អ្នកបើកបរគោយន្តខាងលើបានបើកគេចជង្ហុក ក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុកគោ មួយហ្វូង ខណៈដែលម្ចាស់កំពុងដេញទៅវាល ដើម្បីឲ្យស៊ីស្មៅ។ ដោយសារល្បឿនរថយន្តលឿន និងបុកពេញទំហឹងផងបណ្តាល ឱ្យសត្វគោ ៨ក្បាល បានបុកខ្ទាតពេញផ្លូវ និងងាប់នៅនឹងកន្លែង ។

លោកអធិការនគរបាលស្រុកកំពង់លែងបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុអ្នកបើកបរ គោយន្តកែឆ្នៃ បានចុះរត់គេចខ្លួនបាត់ ដោយទុកគោយន្តបង្កនៅនិងកន្លែងកើតហេតុ ។ ដោយឡែកសត្វគោដែលងាប់ចំនួន ៨ក្បាល ក្នុងនោះមានគោញី៥ក្បាល ឈ្មោល៣ក្បាល អាជ្ញាធរឲ្យម្ចាស់គោដាក់ពាក្យបណ្តឹង ដើម្បីឲ្យម្ចាស់គោយន្តបង្កខាងលើ ចេញមុខមកដោះស្រាយគ្នាតាមផ្លូវច្បាប់។