(ប៉េកាំង)៖បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ យន្តហោះចម្បាំងបំបាំងកាយជំនាន់ J-20 របស់ចិនមានរហស្សនាមថា «វៃឡុង (Weilong)» ដែលជាយន្តហោះចម្បាំង ដ៏ទំនើបរបស់ពិភពលោក កំពុងស្ថិតនៅក្នុងដំណាក់ កាលផលិត ជាលក្ខណៈទ្រង់ទ្រាយធំ ក្រោយពីយន្តហោះចម្បាំងដ៏ទំនើបមួយនេះ ត្រូវបានបង្កើនសមត្ថភាព (Upgrade) និងបំពេញរាល់ចំណុចដែលខ្វះខាត។ ។

យោងតាមប្រភពខាងលើដដែលបានគូសបញ្ជាក់ថា យន្តហោះចម្បាំងបំបាំងកាយ J-20 ជំនាន់ថ្មី គឺមានឈ្មោះថា «J-20B»។ ជំនាន់ថ្មីរបស់ J-20 នេះ ត្រូវបានបង្កើនសមត្ថភាពបន្ថែមជាច្រើន ក៏ដូចជាបានដោះស្រាយចំណុចដែលខ្វះខាតផងដែរ ដែលធ្វើឲ្យយន្តហោះដ៏ទំនើបមួយនេះ បានក្លាយជាយន្ដហោះចម្បាំង-បំបាំងកាយពេញលេញ ជាមួយនឹងភាពរហ័សរហួនជាងមុន ស្របតាមលក្ខណៈវិនិច្ឆ័យផ្នែកបច្ចេកទេស។

ក្រុមហ៊ុនអវកាសឆឹងទូ (Chengdu Aerospace) ដែលបានផលិតយន្តហោះចម្បាំង J-20 នេះឡើងបានបញ្ជាក់ឲ្យដឹងថា ការបញ្ចេញយន្តហោះចម្បាំងប្រភេទ J-20B នេះមានន័យថា
វាបានក្លាយជាយន្តហោះចម្បាំងជំនាន់ទី ៥ ជាផ្លូវការហើយ ខណៈយន្តហោះជំនាន់ថ្មីនេះ ត្រូវបានបញ្ជាទិញដ៏ច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន (PLA)។

គួរបញ្ជាក់ថា ការបង្កើនសមត្ថភាព និងផលិតយន្តហោះចម្បាំងថ្មីៗដោយចិន គឺបានកើតមាន ឡើងចំពេលដែលស្ថានការណ៍ក្នុងតំបន់ កាន់តែតានតឹងខ្លាំងឡើងៗ ទាក់ទងនឹងបញ្ហាជាមួយកោះ តៃវ៉ាន់ និងឥទ្ធិពលយោធាអាមេរិកនៅសមុទ្រចិនខាងត្បូង និងអាស៊ីបូព៌ា៕