វិស័យ​ស្រូវ​អង្ករ​ជា​ផ្នែក​យ៉ាងសំខាន់​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​ក្នុងចំណោម​កសិករ​ភាគច្រើន​នៅ​កម្ពុជា បាន​ដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​ស្ទើរ​គ្រប់​តំបន់​ទូទាំងប្រទេស។

នៅ​ឆមាស​ទី1 ឆ្នាំ2020នេះ ក្រសួងកសិកម្ម​បញ្ជាក់ថា កម្ពុជា​បាន​លក់​អង្ករ​ចេញទៅ​បរទេស​បាន​ចំនួន 397,660តោន។ ការលក់​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំនេះ​មាន​កំណើន​ប្រមាណ 41% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ 2019 ដែល​នាំចេញ​បានត្រឹមតែ 281,538តោន​ប៉ុណ្ណោះ។

ក្រសួង​បញ្ជាក់ថា ទីផ្សារ​ធំជាងគេ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​ឆ្នាំនេះ​គឺ​ប្រទេស​ចិន ដែល​បាន​គ្រប់គ្រង​ចំណែក​ទីផ្សារ​ប្រមាណ 37% ដោយ​ចិន​បាន​ទិញ​អង្ករ​កម្ពុជា​ចំនួន 147,949តោន​នៅ​ពាក់កណ្តាល​ឆ្នាំនេះ។ ទីផ្សារ​ធំ​ទី2 នៃ​អង្ករ​កម្ពុជា​គឺ​សគ​មន៍​អឺរ៉ុប​ដែល​បាន​គ្រប់គ្រង​ចំណែក​ទីផ្សា​ចំនួន 34% ដោយ​អឺរ៉ុប​បាន​ទិញ​ចំនួន 51,175តោន។

ទីផ្សារ​ធំ​ទី3 របស់​យើង​គឺ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ទិញ​ពី​កម្ពុជា​ចំនួន 13%នៃ​ទីផ្សារ គិត​ជា​អង្ករ​ចំនួន 52,987តោន និង​ចំនួន 16% ផ្សេងទៀត​គិត​ជា​អង្ករ​ចំនួន 61,148តោន យើង​លក់​ទៅឱ្យ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក៕