ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពលរដ្ឋខិតខំប្រឹងប្រែងបង្កើនកសិផល ដើម្បីផ្គត់ផ្គង់ក្នុងស្រុកឱ្យច្រើន ជាងការនាំចូល។ សម្ដេចថ្លែងបែបនេះ នៅក្នុងកម្មវិធី សំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ កក្កដា។

កុំនាំចូល(សត្វ ) ពីគេ ហើយសម្លាប់ការចិញ្ចឹមសត្វក្នុងប្រទេសរបស់ខ្លួន ខ្ញុំមិនយល់ ស្របចំណុចហ្នឹងទេ»។ នេះជាការលើកឡើងរបស់សម្ដេច តេជោ ហ៊ុន សែន ដែលបានអះអាងថា សម្ដេចបានបដិសេធសំណើរបស់ក្រុមហ៊ុនឯកជនមួយ ដែលបានស្នើសុំនាំចូលជ្រូក១ លានក្បាលពី ប្រទេសថៃ មកកម្ពុជា។ សម្ដេច អះអាងថា បើសម្ដេចយល់ព្រមតាមសំណើនោះ វាហាក់ដូចជា សម្លាប់កសិករខ្មែរ ដែលកំពុងចិញ្ចឹមជ្រូក ក៏ដូចជាការចិញ្ចឹមសត្វដទៃទៀតដែរ។ មិនតែប៉ុណ្ណោះនោះ ការនាំចូលជ្រូក ឬសត្វដទៃពីប្រទេសថៃនោះ វាក៏បើកឱកាសទីផ្សារឱ្យថៃ ជាងកម្ពុជា ដែលធ្វើឱ្យខាតប្រយោជន៍កសិករខ្មែរ។

បច្ចុប្បន្ននេះកម្ពុជា មានតម្រូវការសាច់ជាង២៩ម៉ឺនតោនក្នុងមួយឆ្នាំ ខណៈដែលកម្ពុជាអាចផ្គត់ផ្គង់ក្នុងស្រុកខ្លួនឯង បានជាង២៣ម៉ឺនតោន ដែលស្មើ៨២ភាគារយប៉ុណ្ណោះ។ ក្នុងន័យនេះប្រមុខរដ្ឋាភិបាល បានជំរុញឱ្យកសិករទាំងអស់ ខិតខំបង្កើនផល ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលនៅសល់១៨ភាគរយទៀត ស្របពេលដែលរដ្ឋាភិបាល កំពុងលើកទឹកចិត្ត និងគាំទ្រ ដើម្បីកាត់បន្ថយការនាំចូលនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឱ្យក្រសួងមុខងារសាធារណៈ ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំបញ្ជូនមន្ត្រីជំនាញបច្ចេកទេសកសិកម្ម ទៅជួយដល់កសិករ នៅក្នុងផ្នែកវារីវប្បកម្មនេះផងដែរ។