ចិន)៖ បើទោះបីជាឆ្នាំនេះ ស្ថានភាពមិនសូវអំណោយផលប៉ុន្មានសម្រាប់ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​របស់ចិន Huawei ប៉ុន្មានក្ដី ប៉ុន្តែ ទាំងប្រាក់ ចំណូល និងចំណេញសុទ្ធនៅតែកើនឡើងខ្ពស់ដដែល បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Area នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

ក្រុមហ៊ុន Huawei បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅឆមាសទី១ ឆ្នាំ២០២០ ដោយនៅក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ទាំងប្រាក់ចំណូល និងចំណេញសុទ្ធតែកើនឡើង ដោយក្នុងនោះប្រាក់ចំណូលបានកើនឡើង ១៣.១ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈ ប្រាក់ ចំណេញ សុទ្ធបានកើនឡើង ៩.២ភាគរយបើធៀបនឹងឆ្នាំមុន។

នៅក្នុងរបាយការណ៍បានបង្ហាញថា ប្រាក់ចំណូល Huawei ទទួលបាននៅឆមាសទី១ ឆ្នាំ២០២០ មានចំនួន ៤៥៤ពាន់លានយន់ ស្មើនឹងជាង ៦៤ពាន់ លានដុល្លារអាមេរិក ដោយក្នុងនោះប្រាក់ចំណូលបានមកពីអាជីវកម្មទូរស័ព្ទចល័តច្រើនជាងគេ។

ក្រុមហ៊ុន Huawei នឹងធ្វើការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុនេះជាផ្លូវការ និងលម្អិតនៅចុងខែនេះ ឬដើមខែក្រោយ ដោយនៅពេលនេះគ្រាន់តែ បង្ហើប ឱ្យដឹងខ្លះៗប៉ុណ្ណោះ ជាពិសេសគឺប្រាក់ចំណូល និងប្រាក់ចំណេញនៅតែបន្តកើនឡើង បើទោះបីជាមានការហាមឃាត់ការលក់ ឬប្រើប្រាស់សេវាកម្ម មួយចំនួននៅសហរដ្ឋអាមេរិក និងបញ្ហាដោយសារជំងឺរីករាលដាល Covid-19 ក្ដី៕