(ប្រេស៊ីឡា)៖ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជាថ្មីចំពោះ COVID-19 ក្រោយរយៈពេលមួយសប្តាហ៍ ប៉ុណ្ណោះ ដែលលោកបានធ្វើតេស្ត ចេញលទ្ធផលវិជ្ជមានដំបូង ចំពោះវីរុសនេះដូចគ្នា។ ។

ការប្រការលទ្ធផលខាងលើនេះ ត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីផ្ទាល់ តាមរយៈការ Live វីដេអូនៅក្នុងគណនី Facebook ផ្លូវការរបស់លោកនៅថ្ងៃពុធសប្តាហ៍នេះ(ពេលវេលានៅប្រេស៊ីល)។

លោក Bolsonaro បានថ្លែងនាឱកាសនោះថា «សង្ឃឹមថានៅរយៈពេលប៉ុន្មានថ្ងៃទៀត ពួកគេនឹងធ្វើតេស្តខ្ញុំជាថ្មី ហើយអ្វីៗគ្រប់យ៉ាងនឹងអាចវិលទៅរក ភាពប្រក្រតីវិញ»។

គួរបញ្ជាក់ថា ពេលនេះលោក Bolsonaro កំពុងតែស្ថិតនៅក្នុងវិមាន អាល់វ៉ូរ៉ាដា (Alvorada) នៃរដ្ឋធានីប្រេស៊ីឡា ដើម្បីទទួលការព្យាបាល និងថែទាំពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។ ក្រុមជំនាញប្រេស៊ីលបានអះអាងថា ការធ្វើតេស្តលោក Bolsonaro ជាថ្មី ត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារ ហើយលទ្ធផលទើបតែត្រូវបានបញ្ចេញ នៅយប់ថ្ងៃពុធសប្តាហ៍នេះ។ លទ្ធផលវិជ្ជមានជាថ្មីចំពោះ COVID-19 គឺមានន័យថា លោកប្រធានាធិបតីអាយុ ៦៥ឆ្នាំរូបនេះ មិនទាន់ជាសះស្បើយពីជំងឺនេះឡើយ។

បច្ចុប្បន្នប្រេស៊ីលនៅតែឈរលំដាប់លេខ ២ លើលោក ក្នុងនាមជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក។ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ប្រេស៊ីលមានករណីឆ្លងសរុបជិត ២លានករណី ក្នុងនោះស្លាប់ជាង ៧៥,៥០០នាក់ និងជាសះស្បើយវិញជាង ១.៣៦លាននាក់៕