(ភ្នំពេញ)÷ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ឯម្នាក់ទៀតរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩.៣០នាទីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មុខច្រកចូលព្រលានយន្តហោះភ្នំពេញ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BC-46 59 ធ្វើដំណើរទិសដៅពីកើតទៅលិច មានបំណងបត់ចូលព្រលានយន្តហោះភ្នំពេញ ក៏មានម៉ូតូម៉ាកស្កុបពីពាក់ស្លាកលេខ តាកែវ 1O- 6376 ពណ៌ស ជិះគ្នា ២នាក់ ធ្វើដំណើរពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន បានបុកនិងរថយន្ត ហាយឡែនឌ័រ ពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែកម្ចាស់រថយន្ត បានដាក់មេប្រូចបាត់ស្រមោល ទុកចោលរថយន្តរបស់ខ្លួននៅកន្លែងកើតហេតុ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមាន ឈ្មោះ ប៊ុន សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតក្នុងភូមិសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ រីឯម្នាក់ទៀតរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ ឯចំណែកសាកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី។
ដោយ ជា សុគន្ធ