ឥណ្ឌាកំពុងរងទុក្ខផ្ទួនៗ! ជាប្រទេសឆ្លងវីរុស លំដាប់លេខ ៣លើពិភពលោក និង កំពុងប្រឈមនឹងទឹកជំនន់ ប៉ះពាល់ដល់ប្រជាជនជាងមួយលាននាក់

374

ឥណ្ឌា៖ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសឲ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសរបស់ខ្លួនបានកើនលើស ១លានករណីហើយ នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA ។

បើតាមរបាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាលឥណ្ឌា បានបង្ហាញឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ១,០០៥,៦០០ករណី ដោយក្នុងនោះស្លាប់សរុបជាង ២៥,៦០០នាក់ និងជាសះស្បើយឡើងវិញជាង ៦៣៦,០០០នាក់។
ជនជាតិឥណ្ឌាជាង ៦០០ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ហើយនៅតាមច្រកតំបន់ត្រូវបានបិទទ្វារឡើងវិញនៅទូទាំងប្រទេស ។ សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដេស នឹងក្លាយជាចំណុចរួមកណ្តាលនៃវីរុស Covid-19 យ៉ាងឆាប់រហ័ស។

អង្គការនេះបាននិយាយថា “ ខណៈពេលដែលការយកចិត្តទុកដាក់របស់ពិភពលោកបានផ្តោតលើវិបត្តិដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិក និងអាមេរិកខាងត្បូង ប៉ុន្តែសោកនាដកម្មរបស់មនុស្សកំពុងកើតឡើងយ៉ាងឆាប់រហ័សនៅអាស៊ីខាងត្បូង” ។

រហូតមកដល់ពេលនេះចំណុចក្តៅរបស់ឥណ្ឌាគឺ ក្រុងម៉ុមបៃ និងញូវដេលី ប៉ុន្តែថ្មីៗនេះទីក្រុងនិងជនបទតូចៗដែលប្រជាជនឥណ្ឌា ៧០ ភាគរយរស់នៅ បានចាប់ផ្តើមប្រកាសអាសន្ន។ រដ្ឋហ្គោ របស់ឥណ្ឌា នៅពេលនេះ បានក្លាយជារដ្ឋចុងក្រោយបង្អស់ដែលត្រូវបានបិទទ្វារដោយដាក់បំរាមបិទរយៈពេល ៣ ថ្ងៃ និងបម្រាមគោចរពេលយប់រហូតដល់ថ្ងៃទី ១០ ខែសីហា។

គួរជម្រាបថា បច្ចុប្បន្នឥណ្ឌាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលកំពុងឆ្លងកាត់ស្ថានការណ៍លំបាកបំផុត នៅចំពោះមុខ COVID-19 ខណៈពេលដែលក្រុមអ្នកជំនាញបានបង្ហាញក្តីបារម្ភថា ប្រទេសដែលមានចំនួនប្រជាជនច្រើនលំដាប់ទី ២ លើពិភពលោកមួយនេះ នឹងក្លាយជាជង្រុកថ្មីនៃជំងឺដ៏កាចសាហាវនេះ។ ហើយបច្ចុប្បន្ននេះឥណ្ឌា ជាប់ចំណាត់ថ្នាក់ទី ៣ លើពិភពលោក ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត និងជាប់លេខ ១ ប្រចាំទ្វីបអាស៊ីទាំងមូលតែម្តង។

ខណៈដែលការឆ្លង COVID-១៩ មានការកើនឡើង ទឹកជំនន់បានវាយប្រហារជន់លិចនៅភាគខាងកើតនៃប្រទេសឥណ្ឌា ធ្វើឲ្យមនុស្សជាងមួយលាននាក់ស្វែងរកជម្រកជ្រកកោនបណ្តោះអាសន្ន

ជាប្រទេសកំពូលប្រឈមនឹងជំងឺឆ្លងវីរុសផងនោះ ប្រទេសឥណ្ឌាក៏កំពុងប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ផងដែរ។ មន្ត្រីជាន់ខ្ពស់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទឹកជំនន់មូសុងបានជន់លិចផ្នែកធំ ៗ នៃរដ្ឋភាគខាងកើតរបស់ប្រទេសឥណ្ឌា ដែលបង្ខំឱ្យមនុស្សជាងមួយលាននាក់ ចូលទៅក្នុងជម្រកបណ្តោះអាសន្ន ទោះបីជាមានហានិភ័យនៃការឆ្លងមេរោគក៏ដោយ។ គួបញ្ជាក់ថា ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និងរងរបួសជាង ៧០នាក់ នៅរដ្ឋអាសាមប៊ីហារ និងរដ្ឋចាចាខន ដែលមានភ្លៀងធ្លាក់ខ្លាំងបានជន់លិចភូមិរាប់ពាន់ភូមិ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈដែលអាជ្ញាធរ កំពុងមមាញឹកក្នុងការធានាសុវត្ថិភាពពីជំងឺឆ្លងផង និងផ្តល់ជំនួយសង្គ្រោះតាមជំរុំផង។