បន្ទាយមានជ័យ៖ ម៉ូតូសេរីទំនើបៗនាំចូលតាមច្រករបៀងគេចពន្ធដាក់តាំងលក់តាមហាង ៣កន្លែង នៅក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីគយចល័តក្រសួងឃាត់បានចំនួន ១២គ្រឿង លើកដាក់រថយន្តបញ្ជូនទៅការិយាល័យគយចល័តនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់ ៥ទីតាំង នៅចំណុចគល់ស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យម្ចាស់ចូលប្រកាសពន្ធទៅតាមច្បាប់ នៅរសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០។
កម្លាំងគយចល័តនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥( គយចល័តក្រសួង) បានសហការជាមួយព្រះរាជអាជ្ញារធរង អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថ នគរបាល ចុះប្រតិបត្តិការឆែកឆេរឃ្លាំងចំនួន ០៣ទីតាំង ដកហូតបានម៉ូតូសេរីទំនើបៗ ចំនួន១២គ្រឿង ដែលមានម៉ូតូម៉ាក ហ្សូមមើអិច វេវ គ្លីច និង ស្កូបពី ស៊េរីខ្ពស់ៗផងដែរ។
មន្ត្រីគយចល័តក្រសួងបានប្រាប់ថា ការចុះប្រតិបត្តិការនេះ គឺធ្វើដូចសព្វមួយដង ដែលចុះឆែកឆែររកម៉ូតូដែលគ្មានពន្ធ ដើម្បីយកទៅកាន់ការិយាល័យ ទុកឲ្យម្ចាស់ចូលខ្លួនទៅប្រកាសពន្ធ ស្របទៅតាមច្បាប់។
សកម្មភាពរបស់កម្លាំងមន្ត្រីគយល័ត ធ្វើឲ្យប្រជាពលរដ្ឋអបអរសាទរចំពោះចំណាត់ការនេះ ក៏ប៉ុន្តែសំណូមពរឲ្យបន្តធ្វើដូចភ្លៀងរលឹម ព្រោះខេត្តបន្ទាយមានជ័យជាខេត្តដែលមានច្រករបៀងច្រើន ហើយអ្នករកស៊ីរត់ពន្ធម៉ូតូក៏ច្រើន និងដើម្បីបង្កើនថវិកាពន្ធចូលរដ្ឋឲ្យកាន់តែកើនឡើងថែមទៀត៕