ខេត្ដក្រចេះ៖ ឪពុកចុងចិត្តឃោឃៅមួយរូប បានប្រើអំពើហឹង្សាយ៉ាងព្រៃផ្សៃទៅលើកូនស្រីចុង ដោយសារខឹង ហាមកូនស្រីមិនឲ្យដើរទៅលេងផ្ទះបងប្អូនជិតខាង តែនាងមិនស្ដាប់ ក៏ចាប់នាងវ៉ៃបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ហើយភ្លាមនោះជនសង្ស័យបានព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចតាមចាប់បានវិញ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង​ ៣និង៣០នាទីរសៀល ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២០​​ នៅចំណុចភូមិកន្ទ្រីង សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ សមត្ថកិច្ច ក្រុងក្រចេះ​ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ ហ៊ាង​ វ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកើតហេតុខាងលើ។

កុមារីរងគ្រោះឈ្មោះ ពៅ​ ស្រីណុច អាយុ​ ៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ​ត្រូវជាកូនចុងរបស់ជនដៃដល់ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះបានដើរទៅលេងផ្ទះពូរបស់ខ្លួននៅក្បែរគ្នា ក៏ត្រូវបានឈ្មោះ​ ហ៊ាង​ វវ៉ាជាឪពុកចុង ហាមឃាត់មិនអោយទៅលេងកន្លែងនោះ​ ដោយចេះតែហាមមិនស្តាប់ ក៏ត្រូវឪពុកចុងចិត្តឃោឃៅ ប្រើហឹង្សាវាយដំមកលើកុមារីរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់ និងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ​ ចំណែកជនសង្ស័យបានរត់គេចខ្លួន។ ពេលទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានស្វែងរកឃាត់ខ្លួនជនសង្ស័យខាងលើ នៅត្រង់ចំណុចភូមិច្រវ៉ា​ ឃុំគោលាប់​ ស្រុកចិត្របុរី​ ខេត្តក្រចេះ។ ជនសង្ស័យរូបនេះ​កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕