រលកយក្សស៊ូណាមិ អាចជាសញ្ញាព្រមានដល់រដ្ឋអាឡាស្កា បន្ទាប់ពីរញ្ជួយដី ៧.៨រ៉ិចទ័រ វាយប្រហារដល់រដ្ឋមួយនេះ

(អាមេរិក)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៨រ៉ិចទ័រ បានវាយប្រហារទីទាំងមួយស្ថិតនៅចម្ងាយ ៨៤គីឡូម៉ែត្រ ពីភាគអាគ្នេយ៍តំបន់ភើរីវាល (Perryville) នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

ការវាយប្រហារនេះ ត្រូវបានកត់ត្រាដោយ ទីភ្នាក់ងារស្ទាបស្ទប់ភូមិសាស្ត្រអាមេរិក USGS នៅវេលាម៉ោង ១១៖១២នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅរដ្ឋអាឡាស្កា)។ អាជ្ញាធរអាមេរិកក៏បានចេញសេចក្តីព្រមាន អំពីសញ្ញានៃរលកយក្សស៊ូណាមិ ផងដែរ ខណៈគ្រោះរញ្ជួយដីនេះ បានបណ្តាលឲ្យរញ្ជួយញាប់ញ័រដល់ទីក្រុង អានឆូរ៉េច (Anchorage) ដែលមានចម្ងាយខ្ទង់ ៨០០គីឡូម៉ែត្រ ពីចំណុចរំញ័រ ៕

មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិ នៅតំបន់ប៉ាស៊ីហ្វិកបាននិយាយថា ផ្អែកលើរលកយក្សរញ្ជួយបឋមនេះ មិនអាចមានគ្រោះថ្នាក់ដល់ឆ្នេរដែលមានចម្ងាយ ៣០០ គីឡូម៉ែត្រនៃចំណុចរញ្ជួយដីឡើយ។

ការព្រមានពីរលកយក្សស៊ូណាមិ គឺអាចប៉ះពាល់ដល់ឧបទ្វីបអាឡាស្កា និងភាគខាងត្បូងនៃរដ្ឋអាឡាស្កា ។ សម្រាប់តំបន់ឆ្នេរអាមេរិក និងកាណាដាប៉ាស៊ីហ្វិកផ្សេងទៀត នៅអាមេរិកខាងជើង កម្រិតនៃគ្រោះថ្នាក់រលកយក្សស៊ូណាមិ កំពុងត្រូវបានគេវាយតម្លៃ និងតាមដាន។

គួរបញ្ជាក់ថា៖ រដ្ឋអាឡាស្កា គឺជាផ្នែកមួយនៃរញ្ជួយដីដ៏សកម្ម របស់មហាសមុទ្រប៉ាស៊ីហ្វិក។ អាឡាស្កា ធ្លាប់បានរងការវាយប្រហារដោយការរញ្ជួយដីកម្រិត ៩.២ រុិចទ័រកាលពីខែមីនា ឆ្នាំ ១៩៦៤ ដែលជាកំណត់ត្រាខ្លាំងបំផុត មិនធ្លាប់មាននៅអាមេរិកខាងជើង។ វាធ្លាប់បានបំផ្លិចបំផ្លាញទីក្រុង អានឆូរ៉េច (Anchorage) និងបានលេចចេញនូវរលកយក្សស៊ូណាមិ ដែលបានវាយប្រហារឈូងសមុទ្រអាឡាស្កាឆ្នេរខាងលិចអាមេរិក និងកោះហាវ៉ៃ ផងដែរ។