បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរិះគន់ថា ទីតាំងស្តង់ត្រីពីរកន្លែង នៅជាប់របងវត្តស្រះត្រាច ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កក្លិនឆ្អេះឆ្អាប កកស្ទះចរាចរណ៍ ធ្វើឲ្យពិបាកក្នុងការរស់នៅប្រចាំថ្ងៃ អាជ្ញាធរមិនទាន់ដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ។ ពលរដ្ឋបានលើកឡើងទៀតថា ពលរដ្ឋបានផ្តិតមេដៃស្នើសុំឲ្យអាជ្ញាធរសង្កាត់ប៉ោយប៉ែត ជួយរកដំណោះស្រាយឲ្យពួកគាត់ តែជាច្រើនខែមកហើយមិនទាន់ឃើញដោះស្រាយឡើយ។
ដោយឡែកទីតាំងថ្មីមានមួយថែមទៀតនៅចំកណ្តាលក្រុងដូចគ្នា ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត ក៏រងការរិះគន់ពីប្រជាពលរដ្ឋផងដែរ ដែលអាជ្ញាធរ និងមន្ត្រីជំនាញ ក៏ទប់ស្កាត់ ដើម្បីកុំឲ្យប៉ះពាល់អនាម័យបរិស្ថាន និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រស់នៅជុំវិញនោះផងដែរ។
លោក ពិន សុខា មេការស្តង់ត្រីនៅទីតាំងជាប់របងវត្តស្រះត្រាច ភូមិក្បាលស្ពាន១ បានឲ្យដឹងថា លោកទទួលស្គាល់ថា ពិតជាប៉ះពាល់ដល់ប្រជាពលរដ្ឋ តែក្រោយពីធ្វើត្រីរួច នៅពេលល្ងាចលោកបានបាញ់លាងសំអាតជាប្រចាំ។ លោកបញ្ជាក់ថា ស្តង់នេះ គ្រាន់តែជាទីតាំងបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយសារជំងឺកូវីត ខាងថៃបានបិទច្រក មិនឲ្យកម្មករ ចូលទៅធ្វើការនៅស្តង់ត្រីក្នុងផ្សារ   រ៉ុងគ្លឿ ប្រទេសថៃ ដូច្នេះដើម្បីជាការជួយដោះស្រាយជីវភាពកម្មករជាង៦០គ្រួសារ ដែលជាកម្មករចាស់ធ្លាប់ធ្វើការនៅទឹកដីថៃ ទើបលោកនាំមកធ្វើនៅទីតាំងនេះ ដើម្បីយកត្រីងៀតនាំចេញទៅប្រទេសថៃវិញ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ចំពោះទីតាំងខាងលើ អាជ្ញាធរពិតជាបានយកចិត្តទុកដាក់ តែដោយសារមួយរយៈនេះ ខាងអាជ្ញាធរខិតខំដោះស្រាយជីវភាពខ្វះខាត ដោយសារជំងឺកូវីតផង ណាមួយថ្មីៗនេះ ក៏ចេញជំងឺឆ្លងក្នុងមូលដ្ឋានផ្សេងៗទៀត តែលោកបញ្ជាក់ថា នឹងចុះទៅដល់ទីតាំង ដើម្បីពិនិត្យមើលពីផលប៉ះពាល់ និងដោះស្រាយជូនពលរដ្ឋ៕