ភ្នំពេញ ៖ ស្ត្រីកម្មការនីម្នាក់ ត្រូវគេធ្វើឃាត ដោយវាយផ្ទៃមុខ និងច្របាច់ក ហើយយកខ្សែរភ្លើងឆក់ដៃខាងស្ដាំ បន្ថែមបណ្ដាលឲ្យស្លាប់ ក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ ហើយគេចខ្លួនបាត់ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយគ្មានអ្នកជិតខាងណាដឹងទេ រហូតដល់មានក្លិន ទើបនាំគ្នាដើររកឃើញ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចុះពិនិត្យមើលភ្លាមៗផងដែរ។
ហេតុការណ៍នេះកើតឡើងនៅ ម៉ោង ០៣រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ ផ្ទះលេខ១២៧D ជាប់ផ្ទះលក់ ភេសជ្ជៈ គ្រប់មុខ យីហោ ម៉ាក់ ស្រីពេជ្រ ម្ដុំលូប្រាំ លើកំណាត់ផ្លូវវេងស្រេង ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះ សួង ធី មានអាយុ ៣៣ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិខ្វិត ឃុំពាំងល្វា ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គាត់ជាអ្នកស្នាក់នៅបន្ទប់ជាន់ក្រោម ចេះតែមានក្លិនស្អុយ ហើយចេះតែឆ្ងល់ ទើបតែរសៀលនេះ គាត់បានប្រាប់ម្ចាស់ផ្ទះជួលឲ្យជួយដើររកមើល រហូតមកដល់បន្ទប់កើតហេតុ ឃើញចាក់សោរពីខាងក្រៅ ហើយកាន់តែធំក្លិនស្អុយខ្លាំង ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យទី៣ បានចុះមកពិនិត្យមើល រួចបើកសោរចូលទៅឃើញស្ត្រីរងគ្រោះបានដេកស្លាប់លើពូកក្នុងបន្ទប់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលឡើងតែម្តង ។
ក្រោយមកសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការសើបអង្កេត ជុំវិញទីតាំងកើតហេតុហើយ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
បើតាមការត្រួតពិនិត្យកោល្យវិច្ឆ័យរបស់សមត្ថកិច្ចជំនាញ បានសន្ឋិដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជនសង្ស័យ ធ្វើសកម្មភាព មានស្នាមវាយផ្ទៃមុខ និងច្របាច់ក ហើយយកខ្សែភ្លើងឆក់ដៃខាងស្ដាំបន្ថែមបណ្ដាលឲ្យស្លាប់ ជាអំពើឃាតកម្ម។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានស្រាវជ្រាវ និងទាក់ទងរកសាច់ញាតិស្ត្រីរងគ្រោះ និងបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើតតាមប្រពៃណី ៕
ធ
ដោយ ជាសុគន្