បើ​ទោះជា​ប្រាក់​ឈ្នួល​ត្រឹម​តែ​10​ដុល្លារ​ក្នុង​មួយ​ម៉ោង​ ប៉ុន្តែ​ជនជាតិ​អង់គ្លេស​មួយ​ចំនួន​ នៅ​តែ​ទៅសុំ​ការងារ​ធ្វើ​នៅក្នុង​កសិដ្ឋាន​ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់​ជីវភាព​ ឬ​យ៉ាង​ហោច​ក៏ដើម្បី​កុំឱ្យ​ឯកោ​និង​ទំនេរ​ហួស​ពេក​នៅក្នុង​សម័យ​COVID-19នេះ​។

បើ​សិន​ជា​ពេល​ធម្មតា​ Ella Chandler នឹង​លេង​ cricket ស្ទើរ​តែ​រាល់​ថ្ងៃ​។ ចំណែក​ Zak Oyrzynski នឹង​ធ្វើ​ជា​មេចុង​ភៅ​នៅ​ទីក្រុង​ឡុងដ៍​។ រីឯ Beth Blease ដែលជា​គ្រូបង្វឹក​​ឯក​ជន​ម្នាក់ នឹង​ជួយ​ដល់​អតិថិជន​ជា​រៀង​រាល់​ថ្ងៃ​ ខណៈ​ដែល​​ Sam Richards វិញ នឹង​ចេញ​ទៅ​លក់​ផលិត​ផល​

ក៏ប៉ុន្តែ ក្នុង​ឆ្នាំ​នេះ ពួកគេ​បែរ​ជា​មាន​វត្តមាន​នៅ​លើ​វាល​ និង​ចំការ​ និង​កសិដ្ឋាន​ ដោយ​ធ្វើ​ការ​ងារ​ដែល​ពួកគេ​នឹក​ស្មាន​មិន​ដល់​កាល​ពី​ប៉ុន្មាន​ខែ​មុន​ នោះ​គឺការ​ងារបេះ​បន្លែ​ផ្លែ​ឈើ។ យ៉ាង​នេះ​ក្ដី មនុស្ស​មួយ​ចំនួន​ក៏នៅ​តែ​បង្ហាញ​អំពី​ការ​សប្បាយ​រីក​រាយជាមួយ​ការ​ងារ​ទាំង​នេះ​​។

“ការ​ងារ​នេះ​សប្បាយណាស់​ ប៉ុន្តែ​ក៏ហត់​ណាស់​ដែរ​” Chandler ដែលធ្លាប់​ជា​កីឡាករ​ម្នាក់​ក្នុងក្រុម​ cricket នៅ​នូវែលសហ្សេ​ឡង់​ថ្លែងដូច្នេះ​។ ថ្មី​ៗ​នេះ នាង​បេះ​ផ្លែ​ស្ត្រូបូរី​បាន​ដល់​ទៅ​250​គីឡូក្រាម​ឯណោះ​ក្នុង​រយៈ​ពេល​ជាង​5ម៉ោង​។ នាង​និយាយ​ថា “ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ណាស់​”។

មុន​នេះ Chandler បាន​ទទួល​ដំណឹង​ថា​ កសិដ្ឋាន​នានា​នៅ​ជនបទ​ និង​នៅ​ជាយ​ក្រុង​ កំពុង​ប្រកាស​ស្វែង​រកអ្នក​បេះ​​ផ្លែ​ឈើ ​ព្រោះ​តែ​ខ្វះពលករ​។ នាង​ក៏​បាន​សុំ​ធ្វើការ​នៅ​ក្នុង​ស្រុក​ Surrey ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​ទី​ក្រុង​ឡុងដ៍​។ ទន្ទឹម​នឹង​ឱកាស​រក​ប្រាក់ អ្នក​បាត់​បង់​ការ​ងារ​ទាំង​នេះ​នៅ​តែ​ចាត់​ទុក​ថា ជា​វិធី​ដែល​ពួកគេ​អាច​ជួប​ជុំ​គ្នា​និង​ជជែក​គ្នា​លេង​នៅ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ស្ថិត​ក្នុង “ការ​ឡោម​ព័ន្ធ​” របស់​COVID-19។

Zak Oyrzynski ដែល​ជា​មិត្តរួម​ការ​ងារ​នៅក្នុងកសិដ្ឋាន​ជាមួយ​នាង​ Chandler និយាយ​ថា “យ៉ាង​ហោច​ណាស់ខ្ញុំ​ក៏​អាច​មាន​ការ​ងារ​ធ្វើ​នឹង​គេ​ដែរ​”។ លោក Zak Oyrzynski ថ្លែង​ថា គាត់​មាន​មោទនភាព​ ដោយ​សារ​តែ​សុំ​បាន​ការ​ងារ​ធ្វើ​ និង​មិន​មាន​ឈ្មោះ​ថា “ដើរ​ទាត់​ខ្យល់”​ នោះ​ដែរ​។

មុខ​របរ​បេះ​ផ្លែ​ស្រ្តូបូរី​រក​បាន​ចំណូល​ទាប​ខ្លាំង​ណាស់​។ Oyrzunski ប្រាប់​ថា​ គាត់​ទទួល​បាន​ប្រាក់​ឈ្នួល​ត្រឹម​តែ​ 8.72​​ផោន​ (11​ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង​។ នៅក្នុង​ក្រុម​ហ៊ុន​ចាត់​ចែង​កសិដ្ឋាន​ Hall Hunter ប្រាក់​ឈ្នួល​គិត​ជា​សប្ដាហ៍​កាល​ពី​ឆ្នាំ​មុន​គឺ​ 414​ផោន​ (ជិត​520​ដុល្លារ​អាមេរិក​)។

Oyrzynski និយាយ​ថា “មនុស្ស​មួយ​ចំនួន​បាន​បោះ​បង់​ការ​ងារ​នេះ​ ព្រោះ​តែ​ប្រាក់​ខែ​មិន​សម​តាម​បំណង​”។ លោក​បន្ត​ថា បើ​ទោះជា​ការ​ងារ​នេះ​ហាក់​មាន​ភាព​សប្បាយ​រីក​រាយ​ ប៉ុន្តែ គេ​ត្រូវ​ការ​គោរព​បទ​បញ្ជា​តឹង​រឹង​មួយ​ចំនួន​។ “​នេះ​មិន​មែនជា​ការ​ងារ​ល្អ​នោះ​ឡើយ​”។

ជា​ធម្មតា ការ​ងារ​បេះ​ផ្លែ​ឈើ​នៅ​អង់គ្លេស​ តែង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ពលករចំណាក​ស្រុក​​​ធ្វើ​ការ​តាម​រដូវ​ មក​ពី​អឺរ៉ុប​ខាង​កើត​។ ជា​រឿង​រាល់​ឆ្នាំ​ ប្រទេស​អង់គ្លេស​ទទួល​យក​ពលករ​​ធ្វើ​ការ​តាម​រដូវ​ប្រមាណជា​ 70,000​នាក់​ដើម្បី​ប្រមូល​កសិផល​។

ប៉ុន្តែ ដោយ​សារ​​មាន​COVID-19 ទើប​បាន​ជា​ពលករ​មក​ពី​បរទេស​មិន​អាច​ចូល​មក​កាន់​ប្រទេសអង់គ្លេស​បាន​ ខណៈ​ដែល​ដំណាំ​ត្រូវ​បាន​ដាំ​ដុះ​រួច​រាល់​ហើយ​។ ដោយសារ​ខ្វះ​កម្លាំង​ពល​កម្ម​ រាជ​រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​ក៏​បាន​បង្កើត​យុទ្ធ​នាការ “Pick for Britain” ចាប់​ពី​ខែ​មេសា​ឆ្នាំ​2020​ ដើម្បី​ប្រមូល​កម្លាំង​ពល​កម្ម​ក្នុង​ស្រុក​។ ព្រះអង្គ​ម្ចាស់​ Charles ក៏​ធ្លាប់​បាន​ចូល​រួម​យុទ្ធ​នាការ​ខាង​លើ​នេះ​ដែរ​ តាម​រយៈ​ការ​បង្ហោះ​សារ​ជា​វីដេអូ​អំពាវ​នាវ​ដល់​ពលរដ្ឋ​។

Blease ដែល​ជា​គ្រូបង្វឹក​ឯកជន​ម្នាក់​ ក៏​បាន​មក​ធ្វើ​ការ​ជា​អ្នក​បេះ​ផ្លែ​ឈើ និង​វេច​ខ្ចប់​ទំពាំង​បារាំង​ ដោយ​ធ្វើ​ការ​9​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​នៅ​ក្នុង​កសិដ្ឋាន​ Claremont Farm​ នៅ​ភាគ​ខាង​ជើង​ប្រទេស​អង់គ្លេស​​ និង​ទទួល​បាន​ប្រាក់​ខែ​ទាប​មិន​គួរ​ឱ្យ​ជឿ។ ប៉ុន្តែ នាង​និយាយ​ថា ការ​ងារ​កសិកម្ម​គឺជា​រង្វាន់​ធំជាង​ប្រាក់​ចំណូល​ទៅ​ទៀត​។ នាង​ Blease បាន​ឱ្យ​ដឹង​ថា នឹង​ទិញ​កសិដ្ឋាន​មួយ​កន្លែង​​ ក្រោយ​ពី​COVID-19​ លែង​មាន​ឥទ្ធិពល​ ហើយ​នាង​នឹង​ប្រើប្រាស់​កសិដ្ឋាន​នោះ​ ដើម្បី​ធ្វើ​ជា​កន្លែង​សម្រាប់​ទទួល​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ជា​ដើម​ មក​ទទួល​ការ​ព្យាបាល​។​

ចំណែក Richards វិញ ក៏កំពុង​តែ​ធ្វើ​ការ​នៅ​ក្នុង​កសិដ្ឋាន Claremont Farm ក្រោយ​ពី​បាន​បាត់​បង់​ការ​មួយ​នៅ​ក្នុងក្រុម​ហ៊ុន​​ស្រាបៀមួយ​។ Richards ថ្លែង​ថា ការ​ងារ​បេះ​ផ្លែ​ស្ត្រូបូរី​នេះ​គឺជា​ការ​ងារ​ហត់​នឿយបំផុត​ ព្រម​ទាំង​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​ទៀត​ផង​។ “ប៉ុន្តែ វា​ជា​ការ​ងារ​ដែល​ធ្វើឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត​ ពិត​ជា​ចម្លែក​ណាស់” អ្នកស្រី​ Richards ថ្លែង​ដូច្នេះ​។

កសិករ​អង់គ្លេស​ មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ឃើញ​អ្នក​ស្រុក​អង់គ្លេស​មក​ធ្វើ​ការ​ជា​ពលករ​បេះ​បន្លែ​ផ្លែឈើ​យ៉ាង​ដូច្នេះ​៕

ប្រភព៖ NYT

LEAVE A REPLY

Please enter your comment!
Please enter your name here