(​ខេត្ត​កែប​)៖ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ លោកស្រី មឹន មាណ​វី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក និង​លោក វ៉ៅ សុខា អភិបាលរង​ខេត្ត តំណាង លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​សាលាខេត្ត​កែប ។

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ដោយ លោក លោកស្រី ប្រតិភូ មកពី​ក្រសួង សាធារណៈ ការ និង​ដឹកជញ្ជូន ក្រុមប្រឹក្សា​ខេត្ត ប្រធាន មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត តំណាង​កងកម្លាំង​ទាំង​បី អាជ្ញាធរ​ក្រុង ស្រុក និង​ក្រុម​យុវជន សរុប​ចំនួន​១៨៦​នាក់​។

​លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​កែប បានបញ្ជាក់​ថា យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​នេះ គឺជា​ការ​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ជា​ពិសេស​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ត ឱ្យ​យកចិត្តទុកដាក់ និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក សំដៅ​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យនៅ​កម្រិត​ទាប​បំផុត​។

​លោក​បាន​បន្តថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ព្រមៗ​គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នក​ដទៃ ប្រកប​ដោយ​ឆន្ទៈ​ភ្ញាក់រលឹក​ខ្ពស់ សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​សណ្តាប់ធ្នាប់​សង្គម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ឆ្នាំ​២០២០ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក្នុង​ការទប់ស្កាត់ និង​កាត់បន្ថយ​ឱ្យបាន​អតិបរមា​នូវ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ កំណើន​អ្នកស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក​ ក្នុងន័យ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​របស់​ប្រជាជន ឲ្យនៅ​កម្រឹត​ទាបបំផុត