កណ្តាល​៖ ករណីចោរចូលគាស់ផ្ទះលើកទី១ មិនទាន់បានស្ងប់ស្ងាត់ផង រំលងតែមួយថ្ងៃសោះ ស្រាប់តែមានករណីលើកទី២ នៅក្នុងបូរី តែមួយដដែល។ ករណីចោរចូលគាស់ផ្ទះលើកទី២​នេះ នៅវេលាម៉ោងប្រហែល ១២រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងបូរីពិភពថ្មី២ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមលោក ទីនណា សុីរ៉ុស ភេទប្រុស ជនជាតិអុីស្លាម ជាម្ចាស់ផ្ទះលេខ៩៦ ផ្លូវលេខ០៩ ដែលត្រូវចោរចូលលួចគាស់ផ្ទះខាងលើ បានប្រាប់ ខេម អេស៊ា ឲ្យដឹងថា  ហេតុការណ៍នេះ កើតឡើងចំពេលដែលម្ចាស់ផ្ទះមិននៅ ចេញទៅធ្វើការនៅពេលថ្ងៃ។ លោកបន្តថា ក្នុងថ្ងៃកើតហេតុនៅពេលដែលរូបគាត់ ត្រឡប់មកផ្ទះវិញប្រហែលម៉ោង ៤ល្ងាច ក្នុងថ្ងៃដដែល ខណៈដែលគាត់ចាក់សោរចូលក្នុងផ្ទះ ស្រាប់តែឃើញរបស់របរក្នុងផ្ទះរាយប៉ាយ និងបង្អួចខាងក្រោយធ្លុះធ្លាយ ដោយមានស្នាមគាស់បំបាក់ដែកបង្អួច ទើបគាត់ដឹងថា មានចោរលួចចូលគាស់ផ្ទះរបស់គាត់ ។ គាត់បន្តថា ទ្រព្យសម្បត្តិដែលគាត់បាត់បង់រួមមានម៉ាសុីនម៉ូនីទ័រ១គ្រឿង ខ្សែរដៃផ្លាកទីន ១ខ្សែរ នាលិការ ២ខ្សែរ និងលុយ ៣០ម៉ឺនរៀល សរុបជាទឹកប្រាក់ ប្រហែល ជាង ១ពាន់ដុល្លារ ។

លោកក៏បានសំណូមពរដល់សន្តិសុខបូរីមេត្តា ការពារឲ្យមានសុវត្ថិភាពបានខ្ពស់ជាងនេះ ជាពិសេសផ្នែកខាងក្រោយនៃបូរី គួរតែមានវិធានការបែបណាដើម្បីការពារកុំឲ្យក្រុមចោរទាំងនេះអាចមានឱកាសលួចចូលមកបានងាយយ៉ាងនេះ ព្រោះមួយរយៈនេះ ក្រុមចោរទាំងនេះចេញសកម្មភាពញឹកញាប់ ហាក់ពុំខ្លាចញញើតអ្វីឡើយ និងសូម ឲ្យម្ចាស់ផ្ទះក្នុងបូរីទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ផងដែរ មុននឹងចេញទៅក្រៅ ជាពិសេសផ្នែកខាងក្រោយផ្ទះតែម្តង។

ករណីនេះលោក យី វណ្ណដា  អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ​ក្នុង​បូរី​មាន​សន្តិសុខ​យាម​ត្រឹមត្រូវ តែ​ពួកគាត់​ដើរល្បាត​តែ​ខាងមុខផ្ទះ​ប៉ុណ្ណោះ មិនបាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​នោះឡើយ ដែលជាឱកាសល្អធ្វើឲ្យក្រុមចោរ ចូលលួចគាស់ផ្ទះប្រជាពលរដ្ឋ ពីខាងក្រោយផ្ទះយ៉ាងងាយ។ លោកបន្តថា ករណីនេះ លោកកំពុងតែចាត់កម្លាំងស្រាវជ្រាវស្វែងរក និងបានតម្រុយខ្លះៗហើយ។ លោកសន្យាថា នឹងចាប់ក្រុមចោរសកម្មនេះឲ្យទាល់តែបាន ដើម្បីការពារសុវត្ថិភាពភូមិឃុំ និងឈប់ឲ្យប្រជាពលរដ្ឋព្រួយបារម្ភបន្តទៀត។

សូមរំលឹកថា ​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង១២​រំលងអាធ្រាត ក៏មានករណីចោរចូលគាស់ផ្ទះ យកទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារផងដែរ នៅចំណុចផ្ទះលេខ១១១ ក្នុងបូរីពិភពថ្មី២ ខាងលើដដែល។  ម្ចាស់ផ្ទះជាជនរងគ្រោះ​ ឈ្មោះ អាង ឌី ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរប​រ ​ដូរ​លុយ មាន​ទីលំនៅផ្ទះលេខ១១១ ផ្លូវ១A បូរីពិភពថ្មី២ ភូមិ​ព្រែកសំរោង៣ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ។​ ទ្រព្យសម្បត្តិដែលបាត់បង់​រួមមាន​៖១-​ទូរទស្សន៍​២​គ្រឿង​(LED​ទំហំ​៤២​អ៉ី​ង​) ,២-​ទូរ​ដែក​១៖​ក្នុងនោះ​មាន​លុយ​ចំនួន​ ៤២០០០​ដុល្លារ​ , ៣-​កុំព្យូទ័រ Leb top ២​គ្រឿង​, ​៤-​ខ្សែករ​ប្លា​ក​ទីន​ទំ​នង់​៥​ជី ​ចំនួន​១​ខ្សែរ,​​ ៥-​ខ្សែក​រមាស​២​ខ្សែរ ទម្ងន់ ៣តំឡឹង និង ឯកសារសំខាន់មួយចំនួន ផងដែរ៕​