ស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាតែសំណាងល្អបានគេជួយទាន់

454

(ភ្នំពេញ)៖ ស្ត្រីម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេបានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាតែសំណាងល្អត្រូវបានប្រជាពលរដ្ឋប្រទះឃើញចេញទូកទៅជួយទាន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 6 និង 00 នាទីល្ងាចថ្ងៃទី 24 ខែកក្កដាឆ្នាំ 2020 ស្ថិតនៅត្រង់ចំណុចស្ពានជ្រោយចង្វាចាស់ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជានេសាទនៅគោលដៅខាងក្រោមស្ពានជ្រោយចង្វាបានប្រាប់ឲ្យដឹងថាខណៈពេលដែលរូបគាត់បានចុះទៅបាចស្រូវឱ្យទារបស់គាត់ស៊ីនៅនឹងមាត់ច្រាំងទន្លេក៏ប្រទះភ្នែកឃើញស្ត្រីរងគ្រោះខាងលើបានដើរឆ្លេឆ្លានៅលើស្ពានជ្រោយចង្វាដោយគាត់មានការសង្ស័យពិនិត្យទៅឃើញភ្លាមនោះស្រាប់តែស្ត្រីខាងលើលោតពីលើស្ពានចុះទំលាក់ខ្លួនមកខាងក្រោមទៅក្នុងទឹក ។

ភ្លាមនោះបុរសប្រជានេសាទខាងលើក៏បានចេញទូករបស់គាត់ភ្លាមៗទៅសង្គ្រោះយកស្ត្រីរងគ្រោះខាងលើមកកាន់ទីខាងដើម្បីប្រគល់ទៅឲ្យសមត្ថកិច្ចតែម្តងតាមបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីខាងលើមានឈ្មោះនុយ ស្រីភ័ក្រ ភេទស្រី អាយុ 24 ឆ្នាំមានស្រុកកំណើតនៅ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្រោយកើតហេតុសមត្ថកិច្ចក៏បាននាំស្ត្រីរងគ្រោះខាងលើមកកាន់ទីគោកហើយក៏ហៅរថយន្តសាមុយខាងមន្ទីរពេទ្យមកដឹកយកស្ត្រីខាងលើទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗតែម្ដង។