ក្រោយ​ពី​បាន​បង្កើត​កំណត់​ត្រា​ថ្មី​កាល​ពី​ម្សិលមិញ​ តម្លៃ​មាស​ពិភពលោក​នា​ព្រឹក​នេះ​ក៏​បាន​បន្ត​កើន​ឡើង​រាប់​សិប​ដុល្លារ​ នាំ​ឱ្យ​តម្លៃ​ក្នុង​1​អោន​ (ounce) ឡើង​ដល់​1,960​ដុល្លារ​អាមេរិក​។

បិទ​ការ​ជួញ​ដូរ​កាល​ពី​ម្សិល​មិញ​ (27​កក្កដា) មាស​ទិញ​ប្រគល់​ភ្លាម​ៗ​ក្នុង​1​អោន​ឡើង​ថ្លៃ​2​%បើ​ធៀប​នឹង​ម្សិល​ម៉្ងៃ (26​កក្កដា) ដែល​មាន​តម្លៃ​1,943​ដុល្លារ​។ បើកការជួញ​ដូរ​នា​ព្រឹក​នេះ មាស​បន្ត​ឡើង​ថ្លៃ​បន្ថែម​20​ដុល្លារ​ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ជួញ​ដូរ​ក្នុង​រង្វង់​1,963​ដុល្លារ​ក្នុង​1​អោន​ (1អោន=8.29,426​ជី)។

មាស​ដែល​បង្កើត​បាន​កំណត់​ត្រា​ថ្មី​កាល​ពីម្សិល​មិញ គឺ​ដោយ​សារ​អ្នកវិនិយោគ​ស្វែង​រក​ “ទីជម្រកសុវត្ថិ​ភាព” ​សម្រាប់​រក្សា​ទ្រព្យ​របស់​ពួកគេ​​ នៅ​ពេល​ភាព​តាន​តឹង​រវាង​ចិន​និង​អាមេរិកាំង​បាន​កើន​ឡើង​ខ្លាំង​ក្នុង​គ្រា​​ស្ថាន​ភាព​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ដាំ​ក្បាល​ចុះ​ដោយសារ​COVID-19។ Dollar Index​ ដែល​ជា​រង្វាស់​សម្រាប់​វាស់​ស្ទង់​កម្លាំង​របស់​ដុល្លារ​អាមេិរក​ជាមួយ​នឹង​បណ្ដា​រូបិយប័ណ្ណ​ធំៗ​ផ្សេង​ទៀត​ បាន​ធ្លាក់​ចុះ​ដល់​បាត​អស់​រយៈ​ពេល​2​ឆ្នាំ​មក​ហើយ​ដោយ​សារ​តែ​ភាព​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​។

Edward Moya ដែលជា​អ្នកវិភាគ​ជាន់​ខ្ពស់​មក​ពី​ក្រុម​ហ៊ុន​ OANDA បាន​អះអាង​ថា “ខ្ញុំ​យល់​ថា មាស​នឹង​បន្ត​ឡើង​ថ្លៃ​ ខណៈ​ដែល​រូបិយវត្ថុ​ដុល្លារ​អាមេរិក​ដាំក្បាល​ចុះ​”។ លោក​បន្ត​ថា អ្វី​ៗ​ទាំង​អស់​កំពុង​តែ​នាំ​ប្រយោជន៍​មក​ឱ្យ​មាស​។ Fed (ធនាគារ​កណ្ដាល​​សហរដ្ឋ​អាមេរិក​) នឹង​បង្កើន​ល្បឿន​ក្នុង​ការ​បញ្ចេញ​ខ្ទង់​ប្រាក់​ជំនួយ​ដ៏​ច្រើន​ដើម្បី​​គាំទ្រ​សេដ្ឋ​កិច្ច​។ អស្ថិរ​ភាព​នៃ​វិបត្តិ​សុខ​ភាព​​ចេះ​តែ​បន្ត​កើនកើត​មាន​ ក៏​មាន​ន័យ​ថា វិធានការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​ទៀត​”។

ឆ្នាំ​2020 មាស​បាន​ឡើង​ថ្លៃ​ជិត​30​% ដែល​នេះ​គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ស្ថាន​ភាពក្នុង​ដំណាក់​កាល​​មុន​COVID-19 មក​ដល់​។ នៅ​មុន​វិបត្តិ​សុខភាព​ មាស​ត្រូវ​ប្រជែង​ជាមួយ​នឹង​ “ជម្រក​សុវត្ថិ​ភាព” ​ជា​ច្រើន​ផ្សេង​ទៀត​ ពិសេស​គឺ​រូបិយ​វត្ថុ​ដុល្លារ​អាមេរិក​។

មាស​គឺជា​ “ជម្រក​សុវត្ថិ​ភាព​” ដែល​មិន​មាន​​ការ​ប្រាក់​តាម​ការ​កំណត់​ណា​​មួយ​នោះ​ទេ ដោយ​​វា​គឹជា​ឧបករណ៍​សម្រាប់​ការ​ពារ​ហានិភ័យ​ដែល​អាច​កើត​ឡើង​ព្រោះ​តែ​បញ្ហា​​អតិផរណា និង​បញ្ហា​ប្រាក់​ចុះ​ថោក​។ មូលហេតុ​មួយ​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​មាស​ឡើង​ថ្លៃ​ខ្ពស់​ នោះ​គឺ​ទុន​វិនិយោគ​ដ៏​ធំនានា​ត្រូវ​បាន​បណ្ដាក់​ទៅ​ក្នុង​មូលនិធិ​មាស​ Exchange-traded fund ឬ​ហៅ​ថា​ ETF (ETF គឺជា​ប្រភេទ​មូលនិធិ​មួយ​ ហើយ​វា​កាន់​កាប់​ទ្រព្យ​ជា​ច្រើនប្រភេទ​​ ដូច​ជា​មូលបត្របំណុល​​ ភាគ​ហ៊ុន​ និង​មាស​ដុំជា​ដើម​ ដែល​​ត្រូវ​បាន​បែង​ចែក​​កម្មសិទ្ធិ​​របស់​វា​ផ្ទាល់​ទៅ​ជា​ភាគ​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​ភាគហ៊ុនិក​)។

អ្នកវិភាគ​ Lukman Otunuga មក​ពី​ក្រុម​ហ៊ុន​ FXTM បាន​អះអាង​ថា “ការ​​រក​បាន​វិធី​ព្យាបាល​ COVID-19 នឹង​អាច​កែ​លម្អ​​ផ្លូវចិត្ត​ និង​អូស​ទាញ​ទំនុក​ចិត្ត​របស់​អ្នកវិនិយោគ​ឡើង​វិញ​។ ដូច្នេះ​នៅ​ពេល​ស្ថាន​ការណ៍​វិជ្ជ​មាន​នានា​បាន​កើត​ឡើង​ ក្រុម​អ្នកវិនិយោគ​​នឹង​ត្រូវ​ទាក់​ទាញ​ឱ្យ​ចាក​ចេញ​ពី​ “ជម្រក​សុវត្ថិ​ភាព​” (មាស) នេះ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស