(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចផ្អាកការងារបណ្តោះអាសន្ន កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង ០៧ នាក់ ដោយសារប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំង នគរបាលជាតិ នេះបើយោងតាមសេចក្តីសម្រេចស្តីពីការផ្អាកការងារ បណ្តោះអាសន្នមន្ត្រី នគរបាលជាតិ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ ការផ្អាកការងារបណ្តោះអាសន្ន កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ០៧នាក់ ដោយសារមូលហេតុដូចខាងក្រោម៖
១.នៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារទាំង០៦ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលពាក់ព័ន្ធនឹងករណីនគរបាលខេត្តព្រៃវែង បង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀន រួចដោះលែងត្រឡប់ទៅផ្ទះវិញជាថ្នូរនិងការទទួលប្រាក់។
២.កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង ២០ និង ៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ០២នាក់ ដោយកម្លាំងនគរបាល បានប្រើអំពើហិង្សាលើជនសង្ស័យ បង្កឲ្យមានរបួសស្នាម។ ហើយក្រោយមកបានប្រគល់ជនទាំង០២នាក់នោះ ឲ្យឱពុក-ម្តាយ ដើម្បីយកទៅគ្រប់គ្រង និងអប់រំបន្ត។
ពាក់ព័ន្ធករណីខាងលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិបានដាក់បទបញ្ជារឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាន នគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កង កម្លាំង នគរបាលជាតិ នៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់។