(កណ្តាល)៖ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាសុី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២០ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នងការនគបាលខេត្ត ដែលដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ។
បន្ទាប់ពីឯកឧត្តម គង់ សោភ័ណ្ឌ បានអាននូវសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ពាក់ព័ន្ធនឹងវិស័យ នៃមន្ទីរជំនាញនីមួយៗរួចមក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានមានប្រសាសន៍ថា គណៈកម្មការទី៥ នៃព្រឹទ្ធសភា ចុះបេសកម្មក្នុងខេត្តកណ្តាល មានគោលបំណងពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន សំរាប់ជាគោលដៅផែនការក្នុងការអនុវត្តចុះតាមដានស្វែងយល់ពីការងារអនុវត្តច្បាប់ទៅតាមសមត្ថកិច្ចរបស់ខ្លួន និងចុះមើលជនបរទេស ដែលស្នាក់នៅ និងឆ្លងកាត់ច្រកទ្វារព្រំដែន និងចុះពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត ។
លោកជំទាវលើកឡើងថាគណៈកម្មការទី៥ នៃព្រឹទ្ធសភា ជាសភាជាន់ខ្ពស់ មានតួនាទីសម្របសម្រួល ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងច្បាប់ដែលបានដាក់អោយខេត្តនីមួយៗអនុវត្ត ដើម្បីអោយថ្នាក់ដឹកនាំ និងមន្ទីរជំនាញនៃខេត្តនីមួយៗពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនទៅតាមតួនាទីភារៈកិច្ច និងមុខតំណែង ក្នុងការអនុវត្តការងារអង្គភាពប្រកបដោយប្រសិទ្ធិភាព តម្លាភាព សំដៅបង្កើននូវសេដ្ឋកិច្ចគ្រួសារក្នុងការលើកកម្ពស់ជីវភាពអោយបានកាន់តែល្អ និងជាពិសេសដើម្បីកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋានផ្ទាល់អោយមានការរីកចំរើនជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅប្រទេសមួយដែលមានរីកចំរើនលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះលោកជំទាវ ក៍បានស្នើរដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកណ្តាល ត្រូវជំរុញមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនកម្ពុជា និងវៀតណាម អោយបានជានិច្ច ដើម្បីងាយគ្រប់គ្រងទិន្ន័យ និងសភាពការថ្មីដែលកើតមានឡើងនូវនឹងកន្លែងដើម្បីដោះស្រាយបញ្ហាអោយទាន់ពេលវេលា និងជាពិសេសត្រូវដាក់គ្រូពេទ្យជំនាញពិនិត្យមើលជនបទេសឆ្លងដែន ជាប្រចាំក្នុងការការពា និងទប់ស្កាត់ជំងឺកូវីដ-19ដែលកើតមានថ្មីៗនេះ៕