(CNN): អ្នកបើកយន្តហោះចម្បាំងរបស់ជប៉ុន លោកវរសេនីយ៍ទោ Takamichi Shirota បាននិយាយថា ប្រទេសជប៉ុន កំពុងរងសម្ពាធកាន់តែខ្លាំងពីលើអាកាស។  នេះបើយោងតាម CNN ចុះផ្សាយនៅព្រឹក ថ្ងៃទី២៩ កក្កដា នេះ ។

លោក Shirota  បានឲ្យដឹងថា យន្តហោះចម្បាំងមិនបានកំណត់អត្តសញ្ញាណ ដែលមានសក្តានុពល បានធ្វើការហោះចូលលុកលុយក្នុងដែនអាកាសជប៉ុន ច្រើនជាងពីរដងក្នុងមួយថ្ងៃ ។ ហើយក្នុងករណីភាគច្រើនយន្តហោះចម្បាំងមកពីកងទ័ពអាកាសរំដោះប្រជាជនចិន (PLAAF) ។

លោក Shirota បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN ថា “ ចំនួននៃការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានដែនអាកាសបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ជាពិសេសនៅក្នុងតំបន់អាកាសភាគនិរតី” ។ តំបន់ភាគនិរតីនោះរួមមានកោះសេនកាគូ ដែលត្រូវបានគេស្គាល់ថា ជាកោះតាវយូ ក្នុងប្រទេសចិនដែលជាក្រុមកោះគ្មានមនុស្សរស់នៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ប៉ុន្តែត្រូវបានចិនអះអាងថា ជាទឹកដីរបស់ខ្លួន។ វាក៏រួមបញ្ចូលកោះ អូគីណាវ៉ា ដែលជាមូលដ្ឋានរបស់មូលដ្ឋានទ័ពអាកាស Kadena នៃកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលដាក់ខ្លួនជា “ Keystone នៃមហាសមុទ្រប៉ាស៊ីហ្វិក” និងជាកន្លែងតំឡើងយាន្តចម្បាំង ដ៏សំខាន់របស់សហរដ្ឋអាមេរិក សម្រាប់ជើងហោះហើរនៅលើដែនទឹកនៃសមុទ្រចិនខាងត្បូង។

ក្រសួងការពារជាតិជប៉ុនកាលពីខែមីនា បានចេញផ្សាយផែនទីបង្ហាញពីផ្លូវហោះហើររបស់យន្តហោះចិន និងរុស្ស៊ី ដែលអ្នកបើកយន្តហោះចម្បាំងរបស់ជប៉ុនបានស្ទាក់ចាប់។ ផ្លូវហោះហើររបស់ចិន ត្រូវបានបង្ហាញជាពណ៌ក្រហម។ ដង់ស៊ីតេរបស់ពួកគេធ្វើឱ្យសមុទ្រចិនខាងកើត ដែលជាផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិករវាងចិន និងកោះភាគខាងត្បូងរបស់ជប៉ុន មើលទៅដូចជាសមុទ្រក្រហម ។

តែទោះជាយ៉ាងណា ការលើកឡើងរបស់ប្រទេសជប៉ុន ត្រូវបានប្រទេសចិនឆ្លើយតបវិញថា វត្តមាននៃកងកម្លាំងរបស់ខ្លួន នៅក្នុងខ្សែសង្វាក់កោះសេនកាគូ ឬកោះតាវយូ គឺស្ថិតនៅក្នុងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បាននិយាយថា “ កោះតាវយូ និងកោះដែលជាប់ទាក់ទង ជាទឹកដីរបស់ចិន ដូច្នេះប្រទេសចិន  ប្តេជ្ញាការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន” ។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងការឆ្លើយតបតាមទូរសារទៅកាន់ទូរទស្សន៍ CNN ថា “ ការហោះហើរធម្មតារបស់យន្តហោះយោធាចិន គឺអនុលោមតាមច្បាប់អន្តរជាតិ និងការអនុវត្តអន្តរជាតិហើយមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ” ។ ទោះយ៉ាងណាជប៉ុននិយាយថា យន្តហោះចិន ជារឿយៗចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារអាកាសរបស់ខ្លួន  ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកកំណត់ ADIZ ជា “ តំបន់ដែនអាកាសដែលត្រូវបានកំណត់លើដែនដី ឬទឹកដែលក្នុងនោះប្រទេសតម្រូវឱ្យមានការកំណត់អត្តសញ្ញាណទីតាំង និងការត្រួតពិនិត្យផ្លូវអាកាសបន្ទាន់របស់យន្តហោះ ដើម្បីផលប្រយោជន៍សន្តិសុខជាតិ” ។