ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ខណៈដែលកំពុងភ្លៀងខ្លាំង ក៏បានដើរទៅមើលទឹកចូលស្រែ តែត្រូវរន្ទះបាញ់ស្លាប់នៅកណ្តាលវាលស្រែ។ ហេតុការណ៍នេះកើតឡើង នៅល្ងាចថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០ លើភ្លឺស្រែ ក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក។

នគរបាលបញ្ជាក់ថា៖ ជនរងគ្រោះដែលស្លាប់ឈ្មោះ ជិន ឡាសី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តាមការបំភ្លឺពីក្រុមគ្រួសារ នៅថ្ងៃកើតហេតុជនរងគ្រោះបានទៅមើលស្រូវនៅវាលស្រែ ខាងកើតសំណង់ស្ទាក់ទឹកស្ពានទី២ ចំងាយប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ នៅល្ងាចថ្ងៃដដែលនោះ មេឃធ្លាក់ភ្លៀងខ្លាំង លាយឡំជាមួយខ្យល់ផ្គររន្ទះ ដោយមេឃកាន់តែងងឹតហើយមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ សាច់ញ្ញាតិទូរសព្ទក៏មិនចូល គ្រានោះបងប្អូន ក៏នាំគ្នាទៅតាមមើលនៅតាមវាលស្រែ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើភ្លឺស្រែ ក៏បានស្រែកឲ្យគេជួយ និងមានការភ្ញាក់ផ្អើលឆោឡោដល់ដល់អ្នកភូមិ រួមទាំងអាជ្ញាធរមូលដ្ឋាន និងបានដឹកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ ។

ឆ្លងតាមការត្រួតពិនិត្យសព របស់សមត្ថកិច្ចជំនាញ ធ្វើការសន្និដ្ឋានថា ជនរងគ្រោះគឺពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទង និងករណីឃាតកម្មនោះឡើយ៕

ដោយ៖ សៅ នៅ