ស្រុកល្វាឯម៖ រោងចក្រអគ្គិសនីកម្លាំង៤០០ម៉េហ្គាវ៉ាត់ ដើរដោយប្រេងខ្មៅ និងឧស្មន័ និងអនុស្ថានីយអគ្គិសនី មួយកន្លែងទៀត មានកម្លាំង ២៣០គីឡូវ៉ុល ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល រហូតមកទល់ពេលនេះ សំរេចការសាងសង បានប្រមាណ ៩០%ហើយ គ្រោងនិងដាក់ ឲ្យដំណើការនៅចុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការឲ្យដឹង ពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក អគ្គិសនីកម្ពុជា ក្នុងឱកាសដែលឯកឧត្តម រួមដំណើរជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល បានចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់រោងចក្រអគ្គីសនី ដើរដោយប្រេងខ្មៅ ឧស្ម័ន និងហ្គាស មានអនុភាព ៤០០ មេហ្គាវ៉ាត់ និងអនុស្ថានីយអគ្គិសនីមួយកន្លែងទៀត កម្លាំង ២៣០គីឡូវ៉ុល កាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២០។

គួរបញ្ជាក់ថា៖ សមិទ្ធិផលដ៏ធំធេងដែលបានផុសឡើងក្រោមការដឹកនាំប្រកបដោយ គតិ្តបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសទឹកដី ភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ជាទីតាំងដ៏ល្អបំផុត សម្រាប់សាងសង់រោងចក្រអគ្គីសនីនេះឡើង ដោយចាប់ដំណើរការសាងសង់ តាំងពីដើមខែតុលា ឆ្នាំ២០១៩ មកម៉េ្លះ។

គួររំលឹកថា៖ រោងចក្រអគ្គិសនីកម្លាំង៤០០ម៉េហ្គាវ៉ាត់នេះ ចំណាយថវិកា សាងសង់ ប្រមាណ៣៥០លានដុល្លារ ក្នុងនោះ រាជរដ្ឋាភិបាល បានបញ្ជាទិញ ម៉ាសុីនភ្លើង កម្លាំង២០០មេហ្គាវ៉ាត់ ពីប្រទេសហ្វាំងឡង់ ចំណាយទឹកប្រាក់ក្នុងរង្វង់ ១៧៧,៥លានដុល្លារ និងបញ្ជាទិញពីប្រទេសអាល្លឺម៉ង់ មានអនុភាព២០០មេហ្គាវ៉ាត់ ចំណាយទឹកប្រាក់ក្នុងរង្វង់ ១៨០លានដុល្លារ អាមេរិក ហើយម៉ាសុីនទាំង២នេះ សាងសង់លើផ្ទៃដីទំហំ ៤៣ហិកតា ចែកចេញជា២អគារដោយឡែកពីគ្នា សាងសង់ដោយក្រុមហ៊ុន CHINA NATIONAL HEAVY MACHINERY CORPORATION។

ឯកឧត្តម កែវ រតនៈ ឲ្យដឹងដែរថា៖ ក្រោយពេល រោងចក្រអគ្គីសនី ដ៏ធំ និងថ្មីសន្លាងមួយនេះ បានដំណើរការ យើងនឹងមាន ថាមពលអគ្គីសនីគ្រប់គ្រាន់ សំរាប់ផ្គត់ផ្គង់ដល់ រាជធានីភ្នំពេញ និងមួយផ្នែកទៀត សំរាប់ផ្គត់ផ្គង់ ដល់ខេត្តកណ្តាល៕