មានជ័យ៖ ពីរនាក់ប្តីប្រពន្ធ ចូលទៅអារឈើយកមកដុតធ្វើជាធ្យូងលក់ តែត្រូវដើមឈើដួលសង្កត់ប្តីស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកណ្តាល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានប្រាប់ថា ជនរងគ្រោះ ឈ្មោះ ចង វ៉ឺត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពេលកើតហេតុជនរងគ្រោះ និងប្រពន្ធបាននាំគ្នាទៅកាប់ឈើនៅចំណុចវាលត្រពាំងវែង ខាងជើងភូមិ ដើម្បីយកមកដុតធ្វើធ្យូង ពេលដែលកំពុងអារស្រាប់តែដើមឈើដួលសង្កត់លើ ពេលនោះប្រពន្ធបានស្រែកឲ្យអ្នកភ្ជួរស្រែនៅក្បែរនោះជួយ និងដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកថ្មពួក តែជាអកុសលដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់តែម្តង។

លោកអធិការបញ្ជាក់ថា ក្រោយពីធ្វើការពិនិត្យសព និងស្រាវជ្រាវតាមរយៈប្រពន្ធ និងអ្នកជិតខាងដែលនៅកន្លែងកើតហេតុបានអះអាថា ជនរងគ្រោះពិតជាដើមឈើកៀបសង្កត់ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន គ្មានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ៕