បន្ទាយមានជ័យ៖ ខឹងឪពុកវាយប្រដៅឲ្យឈប់ប្រើប្រាស់គ្រឿងញៀន ស្រាប់តែទាញដែកកេះឡើងទៅដុតផ្ទះចោល បណ្តាលឲ្យឆេះផ្ទះអស់មួយខ្នង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥និង១៥នាទីល្ងាច នៅក្នុងភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និង អគ្គីភ័យបានឲ្យដឹងថា ជនបង្ក ឈ្មោះ ស្រឹម រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ជាកូនរបស់ម្ចាស់ផ្ទះឈ្មោះ ស្រឹម វុទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ ។

លោកបញ្ជាក់ថា បើតាមគ្រួសាររងគ្រោះឲ្យដឹងថា គ្រោះអគ្គីភ័យនេះ គឺដោយសារកូនប្រុសម្ចាស់ផ្ទះខាងលើ ញៀនថ្នាំ រហូតឪពុកម្តាយនិយាយអ្វីមិនស្តាប់។ ហើយក្នុងថ្ងៃកើតហេតុ ឪពុកខឹងកូនពេក ក៏បានវាយដើម្បីឲ្យឈប់ជក់ថ្នាំញៀន តែរឿងនឹកស្មានមិនដល់ បែជាជនបង្កមានកំហឹងនិងឪពុកប្រើហឹង្សាលើខ្លួននោះ ក៏ឡើងទៅលើផ្ទះយកដែកកេះដុតពូកបណ្តាលឲ្យឆេះរាលដាល អស់ផ្ទះមួយខ្នង ទើបរថយន្តអគ្គីភ័យមកដល់។

ក្រោយពីកើតហេតុរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តរបស់អធិការដ្ឋានស្រុកមង្គលបូរី រួមទាំងកម្លាំងនគរបាលជាច្រើននាក់ ជួយពន្លត់តែបានត្រឹមតែគ្រប់គ្រងមិនឲ្យរីករាលដាលដល់ផ្ទះអ្នកជិតខាងតែប៉ុណ្ណោះ ប៉ុន្តែផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ថ្មក្រោម មានទំហំ ៧ម៉ែត្រគុណ ៨ម៉ែត្រ ត្រូវបានឆេះអស់សល់តែគ្រឹស្តថ្មក្រោម។ ជនសង្ស័យត្រូវរត់គេច ត្រូវបានកម្លាំងនគរបាលកំពុងស្រាវជា្រវតាមចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់៕