កំពង់ធំ ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងម៉ូតូបុកឆ្កែ និងជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យស្លាប់ទាំង ៣នាក់ យ៉ាងអណោចអធ័ម។ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។


បើតាមសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា៖ ដំបូងគេឃើញបុរស ៣នាក់នេះ បានជិះម៉ូតូក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុ ក៏ជ្រុលទៅបុកឆ្កែ ខណៈកំពុងរត់កាត់ផ្លូវយ៉ាងពេញទំហឹង រហូតជ្រេចង្កូតម៉ូតូឆ្លងទៅផ្លូវរថយន្តកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា និងបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឱ្យស្លាប់ភ្លាមៗទាំង ៣នាក់ នៅកន្លែងកើតហេតុតែម្តង។

បើតាមឲ្យដឹងពីអ្នកភូមិនៅក្បែរនោះ សម្គាល់ថា បុរស ៣នាក់ខាងលើ ត្រូវជាបង    ប្អូននិងគ្នា ដោយមាន ២នាក់ ជាបងប្អូនបង្កើត និងម្នាក់ទៀតជាបងប្អូនជីដូនមួយ ។

ក្រោយកើតហេតុ អាជ្ញាធរបានចុះមកពិនិត្យវាស់វែង និងទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកសាកសពជនរងគ្រោះខាងលើ ដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តម៉ាក ហាយឡែនឌឺរ រងការខូចខាតផ្នែកខាងមុខ ត្រូវបានអាជ្ញាធរឃាត់ទុក ដើម្បីដោះស្រាយគ្នាតាមក្រោយ ដោយឡែកឆ្កែមួយក្បាល ក៏ត្រូវបានងាប់ដែរ ប៉ុន្តែមិនដឹងម្ចាស់វានៅឯណាទេ (ប្រសិនបើម្ចាស់វាឃើញ ក៏មានហ៊ានមកយកសាកសពវាដែរ ព្រោះខ្លាចសងធ្ងន់-ក) ៕