ព្រះសីហនុ៖ ពិតជាសំណាងណាស់ ដែលមនុស្សចំនួន ១៦នាក់ បានរួចផុតពីសេចក្តីស្លាប់ទាំងអស់ ករណីលិចទូកនៅសមុទ្រ កាលពីព្រលប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ។ ករណីនេះ កើតឡើងនៅចំណុចចន្លោះកោះរ៉ុងសន្លឹម និងកោះតូច នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

អាជ្ញាធរ ឲ្យដឹងថា បើតាមការសាកសួរពីជនរងគ្រោះក្នុងទូកដែលលិចខាងលើនេះ បានប្រាប់ថា ដំបូងឡើយទូកទេសចរណ៍ ១គ្រឿងនេះ បានចេញដំណើរពីតំបន់ទំនប់រលក ក្រុងព្រះសីហនុ ឆ្ពោះទៅ ក្រុងកោះរ៉ុង ក្នុងគោលបំណង ចូលរួមខួបកំណើត ក្រុមគ្រួសារ តែសំណាងមិនល្អ ពេលទៅដល់កណ្តាលសមុទ្ឬ ស្រាប់តែ ម៉ាស៊ីនទូកខូច ហើយក៏ជួបព្យុះកន្ត្រាក់ វាយបែកទូក បណ្តាលឲ្យទឹកលិចចូលទូកតែម្តង ។

ក្រោយពីជួយសង្រ្គោះជនរងគ្រោះទាំង ១៦នាក់ បានជោគជ័យ អាជ្ញាធរក៏បានដឹកពួកគាត់តាមទូកនេសាទមួយគ្រឿង មកដល់ដីគោកផែទំនប់រលកវិញ និងបន្ទាប់មកបានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីជួយពិនិត្យតាមដានសុខភាពបន្ត ក្រោមការចាត់ចែងរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ៕