កំពត៖ ពលរដ្ឋរិះគន់ជំនាញសាធារណៈការ និងដឹកជញ្ជូនខេត្តកំពតថា៖ ជួលជុលផ្លូវអូសបន្លាយពេលយូរ ហើយបែរជាគ្មានគុណភាពទាល់តែសោះ អស់តែលុយរដ្ឋ លទ្ធផលធ្វើមុខខូចក្រោយ ឬផ្លូវខ្លះធ្វើ១ឆ្នាំ២ដងក៏មាន ដែលធ្វើឲ្យអ្នកដំណើរ និងពលរដ្ឋសងខាងផ្លូវទាស់ចិត្តយ៉ាងខ្លាំង ខណៈដែលពិធីបុណ្យសមុទ្រខេត្តកំពត នៅខែ១២ខាងមុខនេះ ជិតឈានចូលមកហើយហើយ ផ្លូវនៅខូចទាំងអស់ ច្បាស់ជាធ្វើឲ្យអ្នកទេសចរណ៍រអាចិត្តមិនខាន។
សូមបញ្ជាក់ថា ការរិះគន់របស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរនេះបានធ្វើឡើង ខណៈដែលគេសង្កេតឃើញ ផ្លូវជាតិលេខ៣៣A ចូលមកទីរួមខេត្តកំពត កាត់ស្រុកទឹកឈូ ជួលជុលជាយូរមកហើយ ១ឆ្នាំធ្វើ២ដង មកដល់ពេលនេះនៅតែមិនហើយ ហុយដីដូចធ្លាក់ពពក ធ្វើឲ្យអ្នកដំណើរប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង។ រីឯផ្លូវជាតិលេខ៣វិញ អ្នកដំណើរមិនសូវរអ៊ូប៉ុន្មានទេ ដោយសារជាគម្រោងថ្នាក់ជាតិ សាងសង់ផ្លូវស្តង់ដារទើបចំណាយពេលយូរ ដោយឡែកអំឡុងពេលកំពុងសាងសង់នេះ ពលរដ្ឋរស់នៅសងខាងផ្លូវ បានសំដែងការអន់ចិត្តយ៉ាងខ្លាំង ដោយសារគ្មានអ្នកយកចិត្តទុកដាក់ស្រោចទឹកជាប្រចាំ ធ្វើឲ្យហុយងងឹតមេឃ ប៉ះពាល់សុខភាពពួកគាត់ ពិសេសមុខរបរលក់ដូរតាមដងផ្លូវលែងមានភ្ញៀវចូលទិញដូចមុនទៀតហើយ។

ក្រុមអ្នកទេសចរណ៍ ក៏ដូចជាពលរដ្ឋខេត្តកំពតបានលើកឡើងថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺផ្លូវទៅរមណីយ៏ដ្ឋានទឹកឈូប្រវែង១គីឡូម៉ែត្រ ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដែលជំនាញសាធារណៈការ បានជួសជុលឡើងវិញ ត្រូវបានគេមើលឃើញថា គ្មានគុណភាពសោះ អន់ជាងផ្លូវចាស់ទៅទៀត ហើយប្រើពេលយូហួសប្រមាណ។ ខណៈដែលប្រវែងផ្លូវត្រឹម១គីឡូម៉ែត្រប៉ុណ្ណោះ ជួសជុលតាំងពីដើមខែមេសា មកដល់បច្ចុប្បន្នមិនទាន់ហើយជាស្ថាពរ ចំណែកកន្លែងដែលធ្វើហើយ មិនទាន់បានប្រើត្រឹមត្រូវផង មានស្នាមប្រេះ និងបែកខូង ជ្រាយស្ទើរគ្រប់កន្លែង។ ធ្វើឲ្យពលរដ្ឋសងខាងផ្ទះ និងអ្នកដំណើររអ៊ូមិនដាច់ពីមាត់ ដោយសង្ស័យថាជំនាញ គ្មានយកចិត្តទុកដាក់នឹងការងារ អាងតែលុយរបស់រដ្ឋទើបធ្វើបែបនេះ។

ទាក់ទងករណីដែលពលរដ្ឋរិះគន់លើបច្ចេកទេសជួសជុល និងថែរទាំផ្លូវរបស់មន្ទីរជំនាញថាគ្មានប្រសិទ្ធភាព ខាតតែលុយរដ្ឋនោះ លោក ជីង គ័ង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពត បានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា មូលហេតុដែលផ្លូវទៅរមនីយ៌ដ្ឋានទឹកឈូ ប្រើពេលយូក្នុងការជួសជុលបែបនេះ គឺដោយសារកត្តាភ្លៀង ហើយបាតខាងក្រោមផ្លូវជ្រាយទើបមានការប្រេះខូចបែបនេះ។ ចំពោះផ្លូវជាតិលេខ៣៣A លោកបាននិយាយថាមិនមែនជាការទទួលខុសត្រូវរបស់ជំនាញលោកឡើយ គឺជាបន្ទុករបស់នាយកដ្ឋាន គ្រឿងចក្រធនធ្ងន់។ តែយ៉ាងណាលោកថា នឹងមានការកែលម្អឲ្យល្អជាងនេះ ដើម្បីឆ្លើយតបនឹងពិធីបុណ្យសមុទ្រ របស់ខេត្តកំពត។

គួរបញ្ជាក់ផងដែរថា ផ្លូវដែលឋិតក្នុងការគ្រប់គ្រង និងសាងសង់ថ្មីដោយស្នាដៃមន្ទីរជំនាញក្នុងខេត្តមួយនេះ ដូចជាប្រភេទផ្លូវកៅស៊ូ DBST (កៅស៊ូស្តើង) គេសង្កេតឃើញថាមិនសូវមានគុណភាពនោះឡើយ មិនដឹងថាដោយសាររថយន្តដឹកធ្ងន់ លើសចំណុះ ឬមួយក៏ផ្លូវធ្វើមិនគ្រប់ស្តង់ដារនោះទេ ដែលធ្វើឲ្យមានការខូចជាញឹកញាប់ ជួសជុលមិនចេះចប់មិនចេះហើយ។ សូមបញ្ជាក់ផងដែរថា បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ផ្លូវកៅស៊ូប្រភេទ DBST នេះ យ៉ាងហោចណាស់ក៏មានអាយុកាលចាប់ពី៥ ទៅ៨ឆ្នាំដែរ។ ដោយឡែកគេឃើញផ្លូវមួយចំនួននៅខេត្តកំពតមានអាយុកាលត្រឹម ៣ទៅ៦ខែប៉ុណ្ណោះ ទើបមានការរិះគន់ថា ធ្វើផ្លូវជាប់រហូត ខាតតែថវិការរបស់រដ្ឋ៕

រូបភាព និងអត្ថបទ៖ Ratanak Kompot