(ប៉េកាំង)៖ ភ្លៀងធ្លាក់យ៉ាងសន្ធប់ និងខ្យល់បោកបក់ខ្លាំង បានកើតមានឡើងនៅក្នុងខេត្ត ជីជាំង (Zhejiang) ភាគខាងកើតប្រទេសចិន ដោយវាត្រូវបានបង្កឡើងដោយ ​​​​​​ព្យុះទីហ្វុង ហាហ្គូភីត (Hagupit) ដែលបានមកដល់តំបន់នេះកាលពីវេលាម៉ោង  ៣៖៣០នាទី ទាបភ្លឺថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

ព្យុះទីហ្វុង Hagupit ត្រូវបានអាជ្ញាធរឧតុនិយមចិនព្យាករណ៍ថា មានល្បឿនរហូតដល់ទៅជិត ១៣៧គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើការបោកបក់យ៉ាងសង្គ្រប់លើទីក្រុង យឺឈីង (Yueqing) ហើយក្រោយមកនៅវេលាម៉ោង ៦៖០០នាទីព្រឹកថ្ងៃអង្គារនេះ​​​​​​​​​​ អាជ្ញាធរបានបង្កើនកម្រិតអាសន្នដល់ពណ៌ទឹកក្រូច ដែលជាកម្រិតខ្ពស់ បន្ទាប់កម្រិតពណ៌ក្រហមដែលខ្ពស់បំផុត។

គួរបញ្ជាក់ថា មិនទាន់មានរបាយការណ៍ ដែលបង្ហាញអំពីការខូចខាត ឬមនុស្សរងគ្រោះថ្នាក់នោះទេ។ ព្យុះទីហ្វុងខាងលើត្រូវបានគេរំពឹងថា នឹងថមថយឥទ្ធពិលទៅវិញ នៅថ្ងៃពុធស្អែកនេះ នៅពេលវាធ្វើដំណើរទៅដល់ តំបន់ឆ្នេរភាគខាងលិចឧបទ្វីបកូរ៉េ។ ព្យុះទីហ្វុង Hagupit គឺជាគ្រោះធម្មជាតិថ្មីមួយទៀតនៅចិន បន្ថែមពីលើគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តតាមដងទន្លេយ៉ាងសេ ដែលបានផ្តាច់ជីវិតមនុស្សជាង ១៤០នាក់​​​​​កាលពី​​​​​​ ​​​​​​​​​ខែមិថុនា និងកក្កដាកន្លងទៅថ្មីៗនេះ៕