(កណ្ដាល)៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឃាត់ខ្លួនក្រោយទទួលពាក្យបណ្ដឹងពីស្ត្រីរងគ្រោះ បន្ទាប់ពីបុរសរូបនេះផ្ញើវីដេអូអាក្រាតកាយ និងគម្រាមកំហែងចែកចាយជាសាធារណៈ ក្រោយខឹងគូដណ្តឹងសុំផ្តាច់ពាក្យ។

ករណីឃាត់ខ្លួនបុរសជាគូដណ្តឹង ខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ក្រោយស្ត្រីម្នាក់បានប្ដឹងមកនគរបាល កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ។ជនសង្ស័យមានឈ្មោះ អ៊ាក ស៉ីម អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរលក់ដូរ។

នគរបាលបានរៀបរាប់ដំណើររឿងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានអាខោន Facebook ដាក់ «ឈ្មោះOun Naa» បានផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ដែលជារូបអាក្រាតថតជាវីដេអូ ធ្លាប់បានផ្ញើទៅឲ្យអតីតគូដណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ាក ស៉ីម ប្រើអាខោន ឈ្មោះ Sim Amm តែម្នាក់គត់។ ប៉ុន្តែមានអាខោនឈ្មោះ Oun Naa ដែលជនរងគ្រោះមិនស្គាល់បែរជា យករូបថតនោះ ផ្ញើចែកចាយឲ្យមីងរបស់ជនរងគ្រោះ ឈ្មោះ គឹម ហ័ង «អាខោន Facebook ឈ្មោះ ហ័ងប៊ីយូធីសាឡន» មិត្តភក្តិឈ្មោះ Na Ry, ឈ្មោះ Mo Ly, ឈ្មោះ ling Black និងប្អូនប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ Pa Neang។

ប្រភពដដែលបានបន្តថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង សូមឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនល្មើសខាងលើ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។នគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាក់ទៀតថា ជាលទ្ធផលស្រាវជ្រាវ និងសើបអង្កេតតាមចម្លើយសារភាពរបស់ឈ្មោះ អ៊ាក ស៉ីម បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ អ៊ាក ស៉ីម អាយុ១៩ឆ្នាំ បានស្រឡាញ់គ្នាជាមួយជនរងគ្រោះ បានរយៈពេល៣ខែ និងដេកនៅជាមួយគ្នា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នា បានប្រហែល១ខែ ក៏បានផ្តាច់ពាក្យវិញ។

រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ អ៊ាក ស៉ីម បានបង្កើតអាខោនហ្វេសប៊ុកថ្មីមួយដាក់ «ឈ្មោះ Oun Naa» ក្នុងគោលបំណង ដើម្បីផ្ញើរូបភាពអាក្រាតកាយជាវីដេអូ ទៅជនរងគ្រោះ  (អតីតគូដណ្តឹង) មើល ប៉ុន្តែដោយសារជនរងគ្រោះមិនមានទូរស័ព្ទលេងហ្វេសប៊ុក ទើបផ្ញើរូបនោះទៅមីងរបស់ជនរងគ្រោះ ដែលមានអាខោនហ្វេសប៊ុក «ឈ្មោះ ហ័ងប៊ីយូធីសាឡន», មិត្តភក្តិប្រើអាខោនហ្វេសប៊ុក «ឈ្មោះ Na Ry» និងអាខោន «ឈ្មោះ Peng Pos» ដែលធ្វើការជាមួយជនរងគ្រោះមើល និងថែមទាំងប្រើពាក្យគំរាមថាចង់ល្បីម្តងទៀតមែន។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីច្បាប់៕