កំពត៖ ថ្នាក់ដឹកនាំខេត្តកំពត បានក្រើនរំលឹកមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវពន្លឿនការចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឲ្យបានឆាប់បំផុត ការថ្លែងបែបនេះ គឺជាប្រសាសន៍របស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត លើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកញ្ញា កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ ប្រធានគណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានក្រើនរំលឹកដល់មន្ត្រីមន្ទីរ ជំនាញពាក់ព័ន្ធ ជាពិសេសស្ថាប័នច្រកចេញចូលតែមួយរបស់សាលាខេត្ត និងមន្ទីរសូរិយោដីខេត្ត ត្រូវសហការគ្នា ពន្លឿនការងារចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សដែលអ្វីធ្វើទៅបាន ក្រោយពីបានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋអស់រយ:ជាច្រើនខែ ហើយមានដីខ្លះរហូតដល់ឆ្នាំកន្លងមកហើយ មិនទាន់មានការចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់នៅឡើយ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយត្រូវបម្រើការងារជូនអ្នកមកទទួលសេវាឱ្យបានឆាប់រហ័សស្របតាមនីតិវិធីច្បាប់ ដែលបានកំណត់។ ក្នុងករណីការងារផ្នែកវិស័យណាមួយមានភាពរាំងស្ទះ ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្តជាបន្ទាន់ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ក្នុងអង្គប្រជុំថា៖ “ជារឿយៗកន្លងមកឮថា អ្នកមកទទួលសេវា ពិសេសប្រជាពលរដ្ឋ ដែលត្រូវការបណ្ណកម្មសិទ្ធិដីធ្លី ដើម្បីយកទៅប្រើប្រាស់ក្នុងភាពចាំបាច់ តែងរអ៊ូរទាំអំពីការលំបាកចំពោះបញ្ហានេះ។ ដូចនេះត្រូវតែកែសម្រួលឡើងវិញ ពោលគឺមិនអាចឱ្យការងារបម្រើសេវាជូនប្រជាពលរដ្ឋនៅតែបន្តយឺតយ៉ាវទៀតឡើយ”៕

រូបភាព និងអត្ថបទ៖ Ratanak Kompot