បន្ទយមានជ័យ៖ យោងតាមសារព័ត៌មានថៃ (P News) បានឲ្យដឹងថា ស្ត្រីខ្មែរម្នាក់បានស្លាប់ក្នុងករណីបាញ់បោះនៅក្នុងកាស៊ីណូរ៉ាម៉ា នៅក្នុងក្រុងថេប ប្រទេសថៃ កាលពីវេលាម៉ោង២៣និង០០នាទី នៅក្នុងអគារពាណិជ្ជកម្មលេខ ៥០១/២៣៧រ៉ាម៉ា៣ ផ្លូវសូអាយ ៦៦ ឃុំចុងណុនឌីរង ស្រុកយ៉ាណាវ៉ា ក្រុងបាងកក។
សារព័ត៌មានដដែលបានបញ្ជាក់ថា ហេតុការបាញ់បោះនេះ បណ្តាលឲ្យមានអ្នកស្លាប់៤នាក់ បុរស២នាក់ និងស្ត្រី២នាក់ រួមទាំង២នាក់រងរបួសធ្ងន់ ដែលក្នុងនោះមានស្ត្រីខ្មែរបំរើការងារនៅកាស៊ីណូនោះបានស្លាប់ម្នាក់ផងដែរ ដែលមានអ្នកលេងល្បែងចំនួន៦០នាក់ត្រូវបានឃាត់ខ្លួនសួរនាំ។
បុរសម្នាក់ឈ្មោះ សាំង សីហា អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឲ្យថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ ទើបតែទៅធ្វើការនៅក្នុងកាស៊ីណូរ៉ាម៉ា ជាបុគ្គលិកផ្នែកឌីល័រ (អ្នកចែកបៀរបាការ៉ាត់) រយៈពេល ១ខែ ប៉ុណ្ណោះ។ យប់ថ្ងៃកើតហេតុ មានអ្នកធ្វើជាមួយគ្នាបានទាក់ទងមកប្រាប់ដំណឹងថា ប្រពន្ធត្រូវគេបាញ់សម្លាប់។
បច្ចុប្បន្ននៅថ្ងៃទី០៤ សីហា នេះ បុរសជាប្តីកំពុងទាក់ទងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ ដើម្បីយកសពប្រពន្ធមកផ្ទះរបស់ខ្លួនវិញ ធ្វើបុណ្យតាមប្រពៃណី៕

សៅ នៅ