កំពត៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំខេត្តកំពត បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកញ្ញា នៅសាលប្រជុំសាលាខេត្តកំពត។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជាវ តាយ ប្រធានគណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានក្រើនរំលឹកដល់មន្ត្រីមន្ទីរ ជំនាញពាក់ព័ន្ធ ជាពិសេសស្ថាប័នច្រកចេញចូលតែមួយរបស់សាលាខេត្ត និងមន្ទីរសូរិយោដីខេត្ត ត្រូវសហការគ្នា ពន្លឿនការងារចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សដែលអ្វីធ្វើទៅបាន ក្រោយពីបានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋអស់រយ:ជាច្រើនខែ ហើយមានដីខ្លះរហូតដល់ឆ្នាំកន្លងមកហើយ មិនទាន់មានការចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់នៅឡើយ។


ក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ បានលើកឡើងនូវចំណុចមិនប្រក្រតីមួយចំនួនថា៖ មានរបាយការណ៍ចំនួនពីរ ដែលឯកឧត្តមបានទទួល វាមានភាពខុសគ្នា ដោយខាងមន្ទីរសុរិយោដីលោក យ៉ិន វុធថា សំណុំឯកសារដែលលោកទទួលបានមាន ៥០០ ទៅ៦០០ ក៏ប៉ុន្តែតែខាងអង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្តឆ្លើយថា មានជាង ១.០០០ ឯកសារឯណ្ណោះ។ តើបញ្ហានេះបណ្តាលមកពីអ្វីខ្វះ ដែលទំនាក់ទំនងរវាងគ្នានិងគ្នា?។ មន្ត្រីច្រកត្រូវសួរនាំមើលថា បើដាក់ចូលហើយ តើចេញទៅវិញតាមណា?។ ជាធម្មតាចូលតាមណាត្រូវចេញតាមហ្នឹង នោះទើបតួលេខត្រូវគ្នា។ គោលការណ៍ មានស្រាប់ហើយគឺច្រកចេញចូលតែមួយ មានមន្ទីរជំនាញស្ថិតនៅពីក្រោយ។ ដូច្នេះ អង្គភាពច្រកចេញចូលតែមួយ និងមន្ទីរជំនាញសុរិយោដីខេត្ត ត្រូវសហការឱ្យបានល្អរវាងគ្នានិងគ្នា ទើបបានដំណើរការរលូនទៅមុខបានល្អ។ មិនអាចឯកសារចូលតាមច្រកហើយ ពេលចេញទៅវិញតាមរយៈមន្ទីរជំនាញស្ងាត់ៗនោះទេ។ ប្រសិនបើការងារនៅតែបន្តបែបនេះ នឹងមិនស៊ីសង្វាក់គ្នានោះទេ។

ជាចុងក្រោយឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “ចាប់ពីពេលនេះទៅ អ្នកដែលធ្វើការងារល្មើសទៅនឹងគោលការណ៍ច្បាប់ណែនាំ ត្រូវតែមានវិធានការជាចាំបាច់”៕

រូបភាព និងអត្ថបទ៖ FK Kompot