ខេត្តព្រះសីហនុ ៖ នៅ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០នេះ លោកជំទាវ អ៊ូ ធីដាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញ រសុខទុក្ខ និងចុះសួនាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ ចំនួន ២៥គ្រួសារ រស់នៅក្នុងស្រុកព្រៃនប់ និង០៦គ្រួសារ  រស់នៅភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណះកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានោះ លោកជំទាវ សុំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗបន្តទៀត ។ ទន្ទឹមនឹងនេះ ជាពិសេសទៅលើកុមារតូចៗ ត្រូវការពារកុំឲមានជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ទឹកស៊ីអ៊ីវ ១យួ កន្ទេល ១  តង់ ១  អាវយឺត ០៥ ទឹកសុទ្ធ ១កេះ ម៉ាស់ ៥០ម៉ាស ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកា១០ម៉ឺនរៀល ក្នុងមួយគ្រួសារ ចំណែកពីរគ្រួសាររងគ្រោះធ្ងន់ថវិកា៤០ម៉ឺនរៀលក្នុងមួយគ្រួសារ ។ ដោយឃើញការខ្វះខាតរបស់គ្រួសាររងគ្រោះ លោកជំទាវ អ៊ូ ធីដាពៅ គួច ចំរើន បានឧបត្ថម្ភដល់គ្រួសារដែលរងគ្រោះរលំផ្ទះទាំងស្រុង ០១គ្រួសារ រស់នៅភូមិសាកាកែវ ឃុំសាមគ្គី ស្រុកព្រៃនប់ ចំនួន ១លានរៀល សម្រាប់សាងសង់បង្គន់អនាម័យផងដែរ៕