បន្ទាយមានជ័យ៖ សពស្ត្រីរងគ្រោះ ឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ ដែលត្រូវគេបាញ់ស្លាប់នៅក្នុងកាស៊ីណូរ៉ាម៉ា បនល្បែងខុសច្បាប់ នៅឃុំចុងណុនឌីរង ស្រុកយ៉ាណាវ៉ា ក្រុងបាងកក ប្រទេសថៃត្រូវបានបញ្ជូនមកកម្ពុជាវិញហើយនៅវេលាម៉ោង ១៩ និង៤០នាទី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០  តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

យោងតាមសំដីប្តីស្ត្រីរងគ្រោះ ឈ្មោះសាំង សីហា អាយុ៣៤ឆ្នាំ បានឲ្យដឹងថា សពប្រពន្ធរបស់ខ្លួនត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងនោះក្រុមហ៊ុនកាស៊ីណូរ៉ាម៉ា កន្លែងដែលប្រពន្ធរបស់ខ្លួនបានបំរើការងារ ជួយចូលរួមរំលែកទុក្ខ ថវិកាចំនួន ៤ម៉ឺនបាត ចំណែកស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានចូលរួមរំលែកទុក្ខថវិកា ១ម៉ឺនបាត ផងដែរ។

គួរបញ្ជាក់ថា ហេតុការបាញ់បោះនៅក្នុងកាស៊ីណូរ៉ាម៉ា គ្មានច្បាប់មួយកន្លែងនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បណ្តាលឲ្យមានអ្នកស្លាប់ ៤នាក់ បុរស ២នាក់ និងស្ត្រី ២នាក់ រួមទាំង ២នាក់ រងរបួសធ្ងន់ ដែលក្នុងនោះមានស្ត្រីខ្មែរបំរើការងារនៅកាស៊ីណូនោះបានស្លាប់ម្នាក់ឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិបាលិលេយ្យ១សង្កាត់. ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលការបាញ់ប្រហារនេះកើតចេញពីភ្ញៀវដែលលេងចាញ់ល្បែង៕