(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកនិស្សិត ដែលទទួលបានអាហារូបករណ៍ ចេញទៅសិក្សានៅជប៉ុន គឺជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា ក្នុងការរួមចំណែករុញច្រានសេដ្ឋកិច្ច និងសង្គមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត នាឱកាសអញ្ជើញសំណេះសំណាល និងផ្តាំផ្ញើដល់បេក្ខភាពនិស្សិតជ័យលាភីដែលបានចូលរួមចំនួន ៤៨នាក់ ដែលនឹងទៅបន្តសិក្សានៅប្រទេសជប៉ុននាពេលខាងមុខ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានណែនាំ ដល់និស្សិតជ័យលាភីទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទទួលយកនូវបទពិសោធន៍ពីប្រទេសជប៉ុន ដែលឈានមុខគេ រីកចម្រើនខាងបច្ចេកវិទ្យា ដែលទាមទារនិស្សិតយើងចាប់យកឲ្យបានដើម្បីមកអភិវឌ្ឍប្រទេសយើងឲ្យកាន់តែជឿនលឿនបន្តទៀត។ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ ឲ្យប្អូនៗដែលទទួលបានអាហារូបករណ៍ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រអោយបាន១២០% ដោយ១០០% សិក្សានៅក្នុងថ្នាក់ និង២០% ទៀត សិក្សាស្វែងយល់បន្ថែមទៀតពីបរិយាកាសនៅខាងក្រៅ ដោយត្រូវចេះបង្កើននូវទំនាក់ទំនង និងមិត្តភាពជាមួយបណ្តានិស្សិតដទៃទៀត និងឆ្លៀតឱកាសធ្វើជាអគ្គរាជទូតរបស់កម្ពុជា ក្នុងការផ្សព្វផ្សាព្វនូវវប្បធម៌ ក៍ដូចជាអារ្យធ៌ម ព្រមទាំងតំបន់ទេសចរដែលមានសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីលើកតម្កើងជាតិរបស់យើង។

តំណាងនិសិ្សតជ័យលាភីអាហាររូបករណ៍ JDS និង តំណាងនិស្សិតជ័យលាភីអាហាររូបករណ៍ MEXT មានមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានរៀបចំពីធីជួបជុំប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលនេះឡើង។ តំណាងនិស្សិតបានបង្ហាញនូវការប្តេជ្ញាចិត្តថានឹងយកចំណេះដឹង និងបទពិសោធន៍ល្អៗដែលទទួលបានពីប្រទេសជប៉ុនមកចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិដែលកំពុងតែមានការអភិវឌ្ឍន៍ស្រាប់ ក្រោមមាគ៌ាដឹកនាំ និងម្លប់សន្តិភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយប្រទេសពីបាតដៃទទេ រហូតស្មើមុខ ស្មើសិទ្ធិ ទាំងក្នុងតំបន់ និងក្នុងសាកលលោក ៕