ខេត្តបន្ទាយមានជ័យ៖ ក្នុងស្ថានភាពស្រូវវស្សា និងស្រូវសែនក្រអូប កំពុងប្រឈមនិងកង្វះទឹករដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរស្រុក ឃុំភូមិ បានចុះពិនិត្យមើលស្ថានភាពស្រូវប្រាំង រងការខូចខាត និងប្រឈមខ្វះខាតទឹក នៅឃុំចំណោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី៥ ខែ សីហា ឆ្នាំម២០២០។ លោក ប៉ាង វណ្ណាសេដ្ឋ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ឆ្នាំនេះដោយសាររបាយទឹកភ្លៀងធ្លាក់ពុំបានសព្វល្អ ពីតិចទៅមធ្យម ជាហេតុធ្វើឲ្យដំបន់ដាំដុះដំណាំស្រូវមួយចំនួន បានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ។ លោកបានបន្តឲ្យដឹងទៀតថា ចំពោះស្រូវប្រាំងដែលជាប្រភេទស្រូវសែនក្រអូប នៅតំបន់នេះដែលអ្នកភូមិតែងនាំគ្នាធ្វើនោះ គឺពិតជាខូចខាតទាំងស្រុង ដោយឡែកស្រូវវស្សាវិញ គឺនៅអាចជួយសង្គ្រោះបាន ព្រោះមានរយៈពេលវែងទៀត អាចនឹងទទួលបានទឹកភ្លៀង និងការជួយបូមសង្គ្រោះពីកត្តាផ្សេងៗបាន ។ ចំណែកលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុរនិយមខេត្ត ក៍បានលើកថា ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ដើមរដូវវស្សាក្នុងឆ្នាំ២០២០នេះ នៅទីតាំងខាងលើនេះមិនសូវទទួលបានភ្លៀងធ្លាក់ជោគជាំនោះទេ ម្យ៉ាងទៀតដោយសារមើលឃើញពីទិន្នផលទទួលបានពីការធ្វើស្រែបង្កើនរដូវស្រែប្រាំងបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាធ្វើលើសផែន ដែលទឹកមិនអាចស្រោចស្របបានពីទឹកស្ទឹងមង្គលបូរី។លោកបានឲ្យដឹងបន្តទៀតថា កន្លងមកជំនាញធនធានទឹកខេត្ត សហការជាមួយស្រុក បានចុះដាក់ម៉ាស៊ីនបូមទឹកពីស្ទឹងទៅស្រោចស្រប និងសហការបើកបង្ហូរមកពីស្ទឹងបវិលនិង អាងកំពីងពួជាដើម នៅស្រុកភ្នំស្រុកក៍បានបើកបង្ហូទឹកពីអាងត្រពាំងថ្មទៅជួយ សង្គ្រោះផ្នែកខាងក្រោមផងដែរ និង ស្រុកព្រះនេត្រព្រះ។ ដោយមានការណែនាំនិងយកចិត្តទុកដាក់ ចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានចាត់ការបន្ទាន់ដោយ នាំយកគម្រោងអណ្តូងទឹកស្អប់ចំនួន ១៣ គម្រោង ឃួងទៅជោគជ័យ៦ អណ្តូង អាចយកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្របដំណាំកសិកម្មជាដើម។

  1. ឯកឧត្តម អ៊ុ រាត្រី បានថ្លែងថា ជាវិធានការដោះស្រាយបន្ទាន់គឺឲ្យអាជ្ញាធរឃុំ ចុះពិនិត្យស្រង់ទិន្នន័យជាក់លាក់ ពីផលប៉ះពាល់ និងដំណាំស្រូវខូចខាតរបស់ប្រជាពលរដ្ឋ ដើម្បីស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីស្នើសុំស្បៀងបន្ទាន់ និងស្រូវពូជផ្តល់ជូនកសិករ ខ្វះខាត បន្តដាំដុះឡើងវិញតាមពេលវេលាជាក់ស្តែង ៕