ខេត្តបន្ទាយមានជ័យ៖ ឆ្លៀតក្នុងឱកាសអញ្ជើញមកពិនិត្យភាពរីកចំរើនការស្ថាបនាតំបន់រដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង កម្ពុជា.ថៃ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជំរុញឲ្យក្រុមហ៊ុនម៉ៅការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាលឲ្យបាននៅច្រកទ្វារអន្តរជាតិស្ទឹងបត់ឲ្យបានឆាប់រហ័ស ខណៈដែលស្ពានត្រូវបានតភ្ជាប់រួចហើយតែច្រកមិនទាន់ដំណើរការ ។ ការអញ្ជើញមកពិនិត្យនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ បញ្ជាក់ថា ការចុះមកពិនិត្យការស្ថានរបស់ក្រុមហ៊ុនម៉ៅការ   ឃើញថា ស្ថាបនាបានចំនួន ៥ភាគរយ និងមានការយឺតយ៉ាវ ២ភាគរយ ដែលតាមគ្រោងសល់ត្រឹមតែ ២១ខែ និងត្រូវបញ្ចប់នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២២។

ឯកឧត្តមបញ្ជាក់ថា ដើម្បីសម្រួលដល់ការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មិនរងចាំអគាររដ្ឋបាលស្ថាបនារួចនោះទេ ដូច្នេះរថយន្តដឹកទំនិញធំៗត្រូវចេញតាមច្រកទ្វារព្រំដែនអន្តរជាតិស្ទឹតបត់មុនគម្រោង។ ក្រសួងសាធារណការ ទាំងពីរប្រទេសនឹងចរចារគ្នាដើម្បីកំណត់ការដឹកទំនិញតាមរថយន្តធំៗជាបណ្តោះអាសន្នសិន តាមច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ដោយការបំពេញបែបបទឯកសាររក្សារត់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដដែល៕