ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ឆ្នាំ២០២០ ដើម្បីពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះបានលើកយកចំណុចសំខាន់ៗមួយចំនួន មកពិនិត្យ និងពិភាក្សា ដូចជាការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត។


ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ កត់សំគាល់ឃើញថា សេវាសុរិយោដីមានភាពស្មុគស្មាញជាងគេ។ បញ្ហាស្មុគស្មាញនេះ ខ្លះបានសន្សល់ពីមុនមក តែស្នើអោយមានការខិតខំដោះស្រាយបន្តទៀត និងឯកភាពគាំទ្រចំពោះការខិតខំរបស់មន្ត្រី ដើម្បីបម្រើប្រជាពលរដ្ឋ។ ស្នើអោយមានការរួមគ្នាយកចិត្តទុកដាក់អោយបានល្អថែមទៀតក្នុងការបំពេញការងារដើម្បីអោយពលរដ្ឋមានការទុកចិត្ត និងមានភាពកក់ក្តៅ។ ទន្ទឹមនេះឯកឧត្ត ផ្តល់អនុសាសន៍ចំពោះការចុះធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនៅតាមមូលដ្ឋានត្រូវធ្វើអោយបានត្រឹមត្រូវដើម្បីធានាថាការអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាជនក្រីក្ររបស់រាជរដ្ឋាភិបាល មានភាពច្បាស់លាស់ និងចំគោលដៅពិតប្រាកដ និងទទួលបានការគាំទ្រពីពលរដ្ឋ។


ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា មានបញ្ហាប្រឈមជាច្រើនដែលខេត្តបាននឹងកំពុងខិតខំសម្របសម្រួលដោះបញ្ហាជូនប្រជាពលរដ្ឋ និងទទួលបាន លទ្ធផលជាបន្តបន្ទាប់។ សម្រាប់ខែនេះ រដ្ឋបាលខេត្ត បានអនុត្តការងារមួយចំនួនដូចជា៖ ការផ្តល់សាច់ប្រាក់សម្រាប់ជនក្រីក្ររងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារកូវីដ១៩ ។

ការចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រតាមមូលដ្ឋាន និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃប័ណ្ណក្រីក្រ ការគ្រោងចុះចែកអំណោយជូនពួកគាត់ក្នុងពេលឆាប់ៗ ការដោះស្រាយដីជូនពលរដ្ឋរស់នៅលើចំណីអូរប្រឡាយដែលប៉ះពាល់គម្រោងស្តារអូរប្រឡាយនៅក្នុងក្រុងដើម្បីដោះស្រាយបញ្ហាស្ទះផ្លូវទឹកបង្កជាជំនន់ទឹកភ្លៀង ការរៀបចំគម្រោងកែលម្អស្ពានចាស់ឆ្លងប្រឡាយចំនួន ២កន្លែងនៅសង្កាត់លេខ៤ ៕